គ្រាន់តែតិត្ថបាលចុះពីធម្មាសនៈទៅភ្លាម
មហាសន្និបាតក៏បែកអ៊ុលអាល់ឡើង និគ្រន្ថនិងពួកសាវ័កស្ទុះឈូចូលទៅរកតិត្ថបាល លើកឡើងកាន់ស្មាលីដង្ហែទៅជុំវិញបារាំ
ចំណែកខាងពុទ្ធបរិស័ទវិញ ក៏នាំគ្នាត្រឡប់ទៅគេហដ្ឋានវិញដោយអាការស្រងេះស្រងោច
រីឯហ្វូងមជ្ឈជននៅខណៈដែលដើរត្រឡប់ទៅគេហដ្ឋានវិញ ក៏រអ៊ូសោកស្តាយថា
ការតស៊ូសម្តីគ្រានេះចប់លឿនពេក អ្នកខ្លះក៏រិះគន់ឫកពាឆ្មើងឆ្មៃហួសហេតុរបស់តិត្ថបាល
ប៉ុន្តែអ្នកខ្លះក៏ស្ងើចសរសើរប្រតិពលភាពរបស់គេក្នុងការយកឈ្នះគូតស៊ូបានយ៉ាងឆាប់រហ័ស
មនុស្សស្ទើរតែទាំងអស់យល់ឃើញស្របគ្នាថា
ប្រសិនបើតិត្ថបាលបានប៉ះសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈ មុខគួរទស្សនា
និងត្រងត្រាប់ស្តាប់យ៉ាងខ្លាំង ទោះបីព្រះរេវត្តៈអាចយកឈ្នះវីរសីហៈ ក្នុងលើកដំបូងបានក៏ដោយ
ប៉ុន្តែបើបានជួបនឹងតិត្ថបាលក៏មិនប្រាកដថានឹងយកឈ្នះតិត្ថបាលបានយ៉ាងងាយស្រួលនោះទេ
ជួនកាលអាចភ្លាំងភ្លាត់ចាញ់តិត្ថបាលទៅក៏បាន។
រាត្រីថ្ងៃនោះ ឯព្រះវេឡុវនារាម
ឧបាសកឧបាសិកាសំខាន់រួមទាំងទេវមិត្រឧបាសកផង
បានប្រជុំប្រឹក្សាគ្នាជាមួយនឹងព្រះរេវត្តត្ថេរដែលទោះបីបើនៅអាពាធក៏ដោយ
ក៏ធូរស្បើយច្រើនហើយ។
"កុំសោកស្តាយឡើយ ឧបាសក!"
ព្រះថេរៈនិយាយលួងចិត្តទេវមិត្រឧបាសកដែលមានអាការស្រងូតស្រងាត់
បាត់មាត់បាត់កមិនរួសរាយ "ការដែលញោមចាញ់គេវិលត្រឡប់មកមិនបាននាំមកនូវហាយនភាពដល់ពុទ្ធបរិស័ទទេ
ព្រោះញោមគ្រាន់តែជាគ្រហស្ថ ចំណែកឯគូតស៊ូជាបព្វជិតដែលធ្លុះធ្លាយក្នុងធម៌
ការដែលតិត្ថបាលបញ្ឈប់ការតស៊ូសម្តីយ៉ាងទាន់ហន់នោះ បើទុកជាការបំបាក់មុខយើងខ្លះក៏ដោយ
ប៉ុន្តែអាត្មាយល់ឃើញថា ជាប្រយោជន៍ដល់ពួកយើង
ព្រោះគេមិនបានចោទសួរសំណួរសាញប្រដាញជ្រាលជ្រៅទាក់ទងនឹងគោលធម៌ក្នុងសាសនារបស់គេ
ឬរបស់យើងទេ គ្រាន់តែសួរប្រស្នាមួយខប៉ុណ្ណោះ ហេតុនោះទើបគ្មានភាគីណាបានពិន្ទុទេ
បានសេចក្តីថា ពេលនេះយើងនៅនាំមុខគេមួយពិន្ទុដដែល ដូច្នេះសូមញោមកុំគិតច្រើនពេក"
។
"និយាយរួមថា
ខ្ញុំកណាជាមនុស្សចិត្តក្តៅពេក" ទេវមិត្រមានប្រសាសន៍ឡើងដោយសម្លេងស្អកស្អា "គ្រាន់តែត្រូវគេញោះបន្តិចក៏ច្រឡោតតូតតូងភ្លាម
នេះក៏ព្រោះតែមិនដែលតស៊ូសម្តីហ្នឹងឯង ម្យ៉ាងទៀត ខ្ញុំកណាមិននឹកស្មានថា
គេសួរប្រស្នាបែបហ្នឹងសោះ គិតថា គេនឹងសួរធម៌អាថ៌ដែលមានសារៈខ្លឹមសារជាងនោះ
ទើបមិនបានត្រៀមខ្លួនឆ្លើយប្រស្នា គ្រាន់តែត្រូវចោទសួរប្រស្នា ទើបមិងមាំងវឹងសុងអស់
គិតអ្វីមិនចេញ "
"គិតថាជាប្រស្នាអាថ៌កំបាំងទៀតផងណៈ"
ឧបាសកជរាម្នាក់មានប្រសាសន៍ឡើង
"ខ្ញុំកណានៅតែគិតវែកសេចក្តីមិនចេញរហូតដល់ឥឡូវ"
"ខ្ញុំកណាក៏មិនដឹងដែរ"
សម្លេងឧបាសកដទៃទៀតក្នុងទីប្រជុំពោលឡើងសឹងតែព្រមគ្នា
ព្រះរេវត្តត្ថេរសើចកក្អឹកយ៉ាងត្រជាក់ចិត្ត
ហើយមានថេរដីកាឡើងថា
" តាមពិត ប្រស្នានេះមិនជ្រៅពេកទេ
ប៉ុន្តែអ្នកសួរសួរដោយព្យត្តវោហារយ៉ាងឈ្លាសវៃ ទើបយើងគិតមិនដល់ អាត្មាប្រាប់ទៅក៏បាន អ្នកទិញមិនចង់ប្រើ
អ្នកធ្វើមិនចង់បាន អ្នកប្រើមិនដឹងងោះ គឺអ្វី ? គឺ មឈូសដាក់សពហ្នឹងឯង" ។
………………………………………………
គ្រាន់តែព្រះថេរៈមានថេរដីកាចប់ប៉ុណ្ណោះ ម្នាក់ៗក៏ស្រែកឧទានឡើងដោយអាការឆ្នែកចម្លែកចិត្តព្រមគ្នា
ទេវមិត្រផ្ងក់ក្បាលយ៉ាងយឺតៗនិងញញឹមស្ញូញៗ មានប្រសាសន៍ថា
"រឿងស្រួលប៉ុណ្ណេះសោះម៉េចក៏ខ្ញុំកណានឹកមិនឃើញនៅពេលនោះ?"
"ប្រហែលជាបណ្តាលមកពី
ត្រូវទោសៈគ្របសង្កត់ទេដឹង "ឧបាសកជរាដដែលមានប្រសាសន៍ឡើងជាការជន្លលេង ធ្វើឲ្យទេវមិត្រអៀនប្រៀននិងខឹងខ្លួនឯងដែលភ្លាត់ស្នៀតចាញ់គូតស៊ូដោយប្រស្នាងាយស្រួលបែបនោះ។
"ណ្ហើយចុះ!"
ព្រះថេរៈប្រកាសឡើងបន្ទាប់ពីការជជែកគ្នារកចម្លើយប្រស្នានោះមួយស្របក់ "រឿងនេះកន្លងហួសទៅហើយ សូមឲ្យចប់ទៅចុះ
ការងារខាងមុខរបស់យើងនៅមានទៀត ឥឡូវនេះអាត្មាក៏ធូរស្បើយច្រើនហើយ គិតថា មួយថ្ងៃឬពីរថ្ងៃទៀត
ក៏ល្មមនឹងទៅតស៊ូសម្តីជាមួយនឹងពួកនិគ្រន្ថបាន ថ្ងៃស្អែកនេះ សូមឲ្យអ្នកណាម្នាក់
ក្នុងចំណោមពួកយើងទៅប្រាប់ដល់ពួកនិគ្រន្ថថា នៅថ្ងៃទី ៣ រាប់ចាប់ពីថ្ងៃស្អែកនេះទៅ
អាត្មានឹងទៅ តស៊ូសម្តីដើម្បីយកចាញ់ឈ្នះឲ្យដាច់ខាតជាលើកចុងក្រោយ
សូមឲ្យញាតិញោមទាំងឡាយជួយប្រកាសទូទាំង ក្រុងរាជគ្រឹះផងថា
ព្រះរេវត្តត្ថេរៈអ្នកតំណាងពុទ្ធបរិស័ទនឹងទៅតស៊ូសម្តីជាមួយនឹងតិត្ថបាលអ្នកតំណាងពួកនិគ្រន្ថឯអារាមរបស់ពួកនិគ្រន្ថត្រង់ជើងភ្នំឧទ័យក្នុងថ្ងៃទី
៣ រាប់តាំងពីថ្ងៃស្អែកនេះទៅ ហើយសូមឲ្យប្រកាសផងថា
ការតស៊ូសម្តីនៅថ្ងៃនោះជាយុទ្ធវាទទឹកផ្តាច់ព្រាត់
ដើម្បីយកចាញ់ឈ្នះគ្នាឲ្យដាច់ខាត"
លុះដល់ថ្ងៃព្រឹកឡើង ឧបាសក ឈ្មោះ
ចិត្តកៈត្រូវបានបញ្ជូនទៅសម្នាក់របស់ពួកនិគ្រន្ថដើម្បីចរចាការតស៊ូសម្តី
លើកចុងក្រោយតាមពាក្យបញ្ជារបស់ព្រះថេរៈ
ពួកនិគ្រន្ថបានយល់ព្រមទទួលសម្នើរបស់ភាគីពុទ្ធបរិស័ទដោយមោទកភាព ព្រោះជឿថា
តិត្ថបាលមុខជានឹងទទួលជ័យជម្នះមិនខាន នៅថ្ងៃនោះឯង
ក៏មានការប្រកូកប្រកាសទៅតាមវិថីផ្សេងៗនៃក្រុងរាជគ្រឹះថា
នឹងមានការតស៊ូសម្តីគ្រាប្រវត្តិសាស្រ្តរវាងអ្នកតំណាងរបស់ពុទ្ធបរិស័ទ
គឺព្រះរេវត្តត្ថេរៈនិងអ្នកតំណាងរបស់និគ្រន្ថបរិស័ទ គឺ
តិត្ថបាលជាក្មួយប្រុសរបស់សាស្តាមហាវីរៈ។
លុះដល់ថ្ងៃណាត់ជួប
អារាមដ៏ធំល្វឹងល្វើយរបស់ពួកនិគ្រន្ថ ក៏ណែនណាន់ខ្នាន់ខ្នាប់ដោយប្រជាជនគ្រប់ភេទគ្រប់វ័យដែលអន្ទះសាចង់ស្តាប់ការតស៊ូសម្តី
គ្រាប្រវត្តិសាស្រ្តនោះ និង បាក់ភ្លូកទៅនាវយកកន្លែងអង្គុយក្បែរៗ
ធម្មាសនៈរបស់គូតស៊ូតាំងពីព្រឹកព្រលឹម លុះដល់ពេលវេលាហើយ តិត្ថបាលបានឈានឡើងកាន់ធម្មាសនៈ
ដោយកិរិយាការញញឹមប្រិម ប្រិយ ដោយជំនឿជឿជាក់ក្នុងជ័យជម្នះរបស់ខ្លួនយ៉ាងខ្លាំង
រីឯព្រះរេវត្តត្ថេរៈក៏ឡើងអង្គុយលើធម្មាសនៈរបស់ខ្លួនដោយអាការប្រក្រតី
ប៉ុន្តែម្នាក់ៗសង្កេតឃើញបានយ៉ាងច្បាស់ថា
ទឹកមុខរបស់ព្រះថេរៈមើលទៅរាងដូចជាស្លេកស្លាំងបន្តិច ព្រោះថាអាពាធទើបតែស្រន់អន់ទៅប៉ុណ្ណោះ កិរិយាអាការផ្សេងគ្នាដែលមើលឃើញច្បាស់រវាងព្រះថេរៈ
និងគូតស៊ូនេះធ្វើឲ្យពុទ្ធបរិស័ទ
និងប្រជាជនដែលគាំទ្រពុទ្ធបរិស័ទមិនសប្បាយចិត្តយ៉ាងខ្លាំង។
"លោករេវត្តៈអ្នកមានអាយុ!"
តិត្ថបាលប្រកាសឡើងដោយសម្លេងឮនៅពេលនិគ្រន្ថជាប្រធានប្រកាសណែនាំគូតស៊ូសម្តីនិងណែនាំកតិកាផ្សេងៗចប់ហើយ "ខ្ញុំកូរណាដឹងដំណឹងនៃការអាពាធរបស់លោក
ដោយសមានចិត្តអាណិតអាសូរពន់ពេក នៅពេលឃើញលោកឧស្សាហ៍ជជ្រុលមមុល
មកទាំងសង្ខារទ្រុឌទ្រោម
ព្រោះជម្ងឺឈឺថ្កាត់មកតស៊ូសម្តីថ្វីមាត់ជាមួយនឹងខ្ញុំកូរណានៅថ្ងៃនេះ
រឹតតែមើលទៅគួរឲ្យអាណិតអាសូរខ្លាំងឡើង គ្រាន់តែឮដំណឹងថា លោកនឹងមកតស៊ូសម្តីជាមួយនឹងខ្ញុំកូរណានៅថ្ងៃនេះ
ខ្ញុំកូរណាសឹងតែមិនព្រមមកតស៊ូជាមួយនឹងលោកទេ ព្រោះយល់ឃើញថា
នាពេលដែលលោកតស៊ូជាមួយនឹងលោកវីរសីហៈ លោកដល់ថ្នាក់ធ្លាក់ខ្លួនឈឺប៉ផ្តឺតប៉ផ្តក់ទៅហើយ
ចុះទម្រាំនឹងហ៊ានមកតស៊ូជាមួយនឹងខ្ញុំកូរណាទៀត លោកប្រហែលជាដល់មរណកម្មទេដឹង! "។
…………………………………
ពាក្យដៀមដាមបញ្ឆិតបញ្ឆៀង
តាមស្ទីលរបស់តិត្ថបាលធ្វើឲ្យនិគ្រន្ថបរិស័ទសើចគឹលឡើងដោយមោទនភាព
"លោកតិត្ថបាលអ្នកមានអាយុ!" ព្រះថេរៈមានថេរដីកាឡើងដោយសម្លេងប្រក្រតី
បន្ទាប់ពីសម្លេងសើចគុលរបស់និគ្រន្ថបរិស័ទស្ងប់ចុះ "ខ្ញុំកូរណាសូមអរគុណចំពោះលោកដែលសម្តែងសេចក្តីព្រួយបារម្ភចំពោះខ្ញុំកូរណា
ប៉ុន្តែថាលោកមិនបាច់ព្រួយចិត្តគិតច្រើនទេ
ព្រោះខ្ញុំកូរណាសឹងតែជាសះស្បើយជាប្រក្រតីហើយ
លុះបន្ទាប់ពីតស៊ូសម្តីជាមួយនឹងលោកនៅថ្ងៃនេះហើយ
ខ្ញុំកូរណាទៀងតែនឹងបានជាសះស្បើយជាប្រក្រតីមិនខាន ព្រោះខ្ញុំកូរណាមានចំណុចខ្សោយមួយ
គឺបើកាលណាបានតស៊ូសម្តីថ្វីមាត់ ជាមួយនឹងជនដែលអន់ខ្សោយខាងបញ្ញានិងព្យត្តវោហារជាង
ខ្ញុំកូរណាច្រើនតែធ្លាក់ខ្លួនឈឺជាដរាប
ប៉ុន្តែបើកាលណាតស៊ូសម្តីជាមួយនឹងអ្នកមានចំណេះដឹងមានបញ្ញានិងព្យត្តវោហារស្មើគ្នា
ខ្ញុំកូរណាច្រើនតែធូរស្បើយរហើយចិត្តយ៉ាងខ្លាំង នៅថ្ងៃនេះសង្ឃឹមថា
លោកមុខជានឹងមិនធ្វើឲ្យខ្ញុំកូរណាត្រូវធ្លាក់ខ្លួនឈឺម្តងទៀតទេ"។
ចម្លើយដ៏ប្រាជ្ញប្រាយរបស់ព្រះរេវត្តត្ថេរៈធ្វើឲ្យពុទ្ធបរិស័ទសើចគឹលឡើងខ្លះ
ប្រជាជនកណ្តាលញញឹមញញែមយ៉ាងពេញចិត្ត
ចំពោះចម្លើយឆ្លើយបកស្ទាបស្ទង់ប្រាជ្ញារបស់គូតស៊ូទាំងពីរ
តិត្ថបាលញញឹមយ៉ាងពេញចិត្តហើយ និយាយតទៅទៀតថា
"លោកអ្នកមានអាយុ! ខ្ញុំកូរណាជាមនុស្សរាងដូចជាតក់
ក្រហល់បន្តិច ធ្វើអ្វីៗច្រើនតែចង់ឲ្យបានសម្រេចឆាប់រួសរាន់ ហេតុដូច្នេះ
ការតស៊ូសម្តីនៅថ្ងៃនេះ ខ្ញុំកូរណានឹងចោទសួរសំណួរ ១ ខប៉ុណ្ណោះ ចំពោះលោក
និងឈ្លេចសួរដេញដោលបន្ថែមខ្លះ ចោទសួរត្រឹមតែមួយចំណុចប៉ុណ្ណោះ
ប្រសិនបើលោកឆ្លើយតបបានជាទីពេញចិត្ត សូមឲ្យលោកជាអ្នកឈ្នះទៅចុះ
ប៉ុន្តែបើលោកមិនអាចឆ្លើយតបបានទេ ឬទញ់ទាល់ហេតុផលរបស់ខ្ញុំកូរណា
សូមឲ្យខ្ញុំកូរណាជាអ្នកឈ្នះវិញ តើលោកយល់ព្រមទេ?"
សម្នើស្នើឡើងយ៉ាងក្លៀវក្លារបស់តិត្ថបាល
ធ្វើឲ្យពុទ្ធបរិស័ទ
ប្រជាជនកណ្តាលនិងសូម្បីនិគ្រន្ថបរិស័ទខ្លួនឯង ដល់ថ្នាក់ស្រឡាំងកាំងភីងភាំង ពីព្រោះគេឯងតែងដឹងច្បាស់ថា
ការចោទសួរតែមួយចំណុច ចាត់ជាការប្រថុយប្រថានយ៉ាងខ្លាំង
ព្រោះប្រសិនបើឈ្នះក៏ជាការប្រសើរទៅ ប៉ុន្តែប្រសិនបើចាញ់វិញ ក៏ចាញ់ទៅតែម្តង
គ្មានអ្នកណាហ៊ានស្នើបែបនោះក្រៅតែពីជឿជាក់យ៉ាងពេញរបុងថា
មុខជានឹងទទួលជ័យជម្នះប៉ុណ្ណោះ។
"លោកតិត្ថបាល!" ព្រះរេវត្តត្ថេរៈមានថេរដីកាឡើងយ៉ាងចិត្តត្រជាក់
ព្រះថេរៈដឹងច្បាស់ថា គូតស៊ូស្នើបែបនោះ
ដើម្បីផ្ចាញ់ផ្ចាលសង្កត់សង្កិននិងព្រោះតែជឿជាក់ ចំពោះជ័យជម្នះរបស់ខ្លួន
ដើម្បីជាការផ្ចាញ់ផ្ចាល់ឡងសងវិញ ព្រះថេរៈទើបមានថេរដីកាតតបវិញថា
"ការចោទសួរតែមួយចំណុច
អាចជាការប្រថុយប្រថានខ្លាំងណាស់សម្រាប់លោក ព្រោះបើលោកចាញ់
លោកនឹងមិនមានឱកាសដោះសាទៀតទេ ដើម្បីបើកឱកាសឲ្យលោកមានឱកាសដោះសាបាន
ខ្ញុំកូរណាអនុញ្ញាតឲ្យលោកចោទសួរខ្ញុំកូរណាបានម្តង ៣ ចំណុចជាប់ៗគ្នា
ប្រសិនបើខ្ញុំកូរណាទញ់ទាល់ហេតុផលរបស់លោក ទោះបីក្នុងចំណុចណាមួយ
ខ្ញុំកូរណាសុខចិត្តប្រគល់ពិន្ទុ ៣ ពិន្ទុដល់លោកតែម្តង តើលោកយល់ព្រមទេ? "
…………………………………………………
សម្នើយ៉ាងក្លាហាន
រហូតដល់ក្លាយជាអាការតក់ក្រហល់របស់ព្រះថេរៈ
ធ្វើឲ្យប្រជាជននិងតិត្ថបាលភ្ញាក់ផ្អើលយ៉ាងខ្លាំង
ប៉ុន្តែព្រោះអាស្រ័យសេចក្តីឆ្មើងកន្រ្ទើងក្នុងកិត្តិយសរបស់ខ្លួន តិត្ថបាល
ទើបមិនព្រមទទួលសម្នើរបស់ព្រះថេរៈទេ នៅតែអះ អាងថានឹងចោទសួរតែមួយចំណុចប៉ុណ្ណោះដដែល បន្ទាប់ពីជជែកវីវែកគ្នាមួយស្របក់ធំមក
ព្រះថេរៈក៏សុខចិត្តព្រមតាមសម្នើរបស់តិត្ថបាល
គឺអនុញ្ញាតឲ្យតិត្ថបាលចោទសួរសំណួរមុន
"ណ្ហើយចុះ! ឥឡូវនេះ
ខ្ញុំកូរណាសូមចោទសួរសំណួរចំពោះលោក" តិត្ថបាលនិយាយឡើងយ៉ាងជឿជាក់
អ្នកស្តាប់ទាំងអស់អង្គុយស្ងាត់ប៉ើម ចាំស្តាប់ដោយសេចក្តីតាំងចិត្ត "មាតានិងបិតា
តើអ្នកណាមានគុណដល់បុត្រច្រើនជាង?"
ភាគីពុទ្ធបរិស័ទដកដង្ហើមធំដោយធូរទ្រូងដែលបានស្តាប់ឮសំណួរងាយស្រួលបែបនោះ
ព្រោះជឿថា ព្រះថេរៈមុខជានឹងឆ្លើយតបបាន ប៉ុន្តែក៏មានមនុស្សជាច្រើនដែលព្រួយបារម្ភ
ខ្លាចក្រែងថា សំណួរនោះមានអត្ថអាថ៌កំបាំងអ្វីមួយ ដែលបញ្ឆោតគូតស៊ូឲ្យធ្លាក់រណ្តៅពុំនោះសោតទេ
តិត្ថបាលប្រហែល ជាមិនលើកយកសំណួរងាយស្រួលមកចោទសួរបែបនោះទេ ។
"លោកអ្នកមានអាយុ!"
ព្រះរេវតត្ថេរៈមានថេរដីកាឡើង "មុននឹងឆ្លើយសំណួរនេះ
ខ្ញុំកូរណាសូមសួរលោកម្ចាស់ថា លោកម្ចាស់ដឹងចម្លើយរបស់សំណួរនេះហើយឬនៅ? "
"ដឹងហើយ " តិត្ថបាលឆ្លើយតបដោយសម្លេងម៉ឺងម៉ាត់
"បើអញ្ចឹង សូមឲ្យលោកម្ចាស់កោះហៅមនុស្សមក
៣ នាក់ ជាតំណាងពុទ្ធបរិស័ទម្នាក់ ជាមជ្ឈជនម្នាក់ ជានិគ្រន្ថម្នាក់
ហើយលោកម្ចាស់ខ្សឹបប្រាប់ចម្លើយដល់មនុស្សទាំង ៣ នាក់នោះម្នាក់ម្តង
ដោយមិនឲ្យខ្ញុំកូរណាបានឮ ដើម្បីឲ្យអ្នកទាំង ៣ ធ្វើជាសាក្សី
ខ្ញុំកូរណានឹងឆ្លើយតបឲ្យចំនឹងចម្លើយរបស់លោកម្ចាស់"
តិត្ថបាលសុខចិត្តធ្វើតាមពាក្យណែនាំរបស់ព្រះថេរៈ
នៅពេលតិត្ថបាលកោះហៅសាក្សីទាំង ៣ នាក់ទៅខ្សឹបប្រាប់ចម្លើយរបស់ខ្លួនហើយ
ក៏ឲ្យសាក្សីទាំង ៣ ទៅឈររួមគ្នាមួយកន្លែង ហើយព្រះរេវតត្ថេរៈបានមានថេរដីកាឡើងថា
"ជាបឋម ខ្ញុំកូរណាសូមសួរឡងលោកម្ចាស់សិនថា
តើគុណនោះជាគុណជាតដែលកើតឡើងឯងដោយធម្មជាតិឬជាទង្វើដែលមនុស្សធ្វើឡើង?"
"មនុស្សធ្វើឡើង"
តិត្ថបាលឆ្លើយទាំងសម្លឹងមើលព្រះថេរៈដោយក្រសែភ្នែកអល់ឯកសង្ស័យ
"បើអញ្ចឹង
ខ្ញុំកូរណាសូមឆ្លើយសំណួររបស់លោកម្ចាស់ថា អ្នកណាធ្វើគុណច្រើន អ្នកនោះក៏មានគុណច្រើន
មាតាឬបិតាមិនសំខាន់ទេ"
ចម្លើយរបស់ព្រះថេរៈធ្វើឲ្យប្រជាជនស្ងាត់ប៉ើមសឹងតែមិនដកដង្ហើម
សាក្សីទាំង៣ និងតិត្ថបាលដល់ថ្នាក់ហាមាត់ចង្រ្គង់ទាំងបើកភ្នែកធំសម្លឹងមើលព្រះថេរៈ
ដោយអាការមិងមាំងអាំងឡាំង ពីព្រោះប្រាកដឃើញថា
ចម្លើយរបស់ព្រះថេរៈត្រូវម៉ាំងនឹងចម្លើយរបស់តិត្ថបាលដែលប្រាប់ដល់សាក្សីទាំង ៣ នាក់។
គ្រាន់តែព្រះរេវតត្ថេរៈឆ្លើយចប់ប៉ុណ្ណោះ
តិត្ថបាលក៏លោតចេញពីធម្មាសនៈ ដើរទើលងើលឆ្លងកាត់ហ្វូងមហាជនទៅដោយទឹកមុខស្ងប់ស្ងួត
ត្រង់កណ្តាលសេចក្តីភ័ន្តភាំងស្រ ឡាំងកាំងរបស់ប្រជាជនទាំងពួង ។
នៅទីបំផុត
ការតស៊ូសម្តីនៅគ្រាសំខាន់នោះបានចប់សព្វគ្រប់ទៅដោយភាគីពុទ្ធបរិស័ទជាអ្នកទទួលជ័យជម្នះបានយ៉ាងដាច់ខាត
ចាប់តាំងពីពេលនោះមក
ស្ថានភាពរបស់ព្រះពុទ្ធសាសនាក្នុងក្រុងរាជគ្រឹះក៏រដុះរដាលគាប់ប្រសើរឡើង
ផ្ទុយស្រឡះនឹងស្ថានភាពរបស់ពួកនិគ្រន្ថ បានចុះស្រុតទ្រុឌទ្រោមយ៉ាងខ្លាំង ។
……………………………………………………
រឿងនាងលីលាវតីវគ្គត្រង់ពួកនិគ្រន្ថបរាជ័យ
ចុះផ្សាយដោយ៖ គេហទំព័រពុទ្ធសាសនា
No comments:
Post a Comment