ពេលវាមិនបានដូចចិត្ត
វាច្រើនតែទាស់ចិត្តមែនទេ? អ្នកណាៗក៏មានការទាស់ចិត្ត ឬថ្នាំងថ្នាក់ចិត្តដែរ គ្រាន់តែវាច្រើនឬតិច
វាស្ថិតនៅលើមនុស្សម្នាក់ៗ។ មនុស្សខ្លះគ្រាន់តែថ្នាំងថ្នាក់ចិត្តបន្តិចបន្តួច និងអ្នកខ្លះទៀតក៏ពុះកព្រ្ជោលឡើងមកខ្លាំងក្លា។
អ្នកខ្លះទៀតសោតគ្រាន់តែសម្លឹងមើលមុខម្តេចម្តារ ក៏ប្រើសម្តីច្រឡោងខាម ហូតកាំភ្លើងបាញ់សម្លាប់
ដកកាំបិតចាក់កាប់មនុស្សភ្លាមមួយរំពេច ចោទប្រកាន់ថា គេហ្នឹងបានជាន់ឈ្លីប្រមាថមើលងាយកិត្តិយសខ្លួនយ៉ាងនេះយ៉ាងនោះក៏មានដែរ។
សួរថា តើគួរធ្វើយ៉ាងណាល្អ?
ត្រូវហ្វឹកហាត់ចិត្តរបស់យើង
ហាត់រៀនអង្គុយសមាធិ រួចហើយផ្សាយមេត្តាចិត្តឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ដើម្បីឲ្យចិត្តរបស់យើងមានមនោសញ្វេតនាល្អចំពោះមនុស្សគ្រប់រូប។ ល្មមនឹងសួរថា ពេលយើងខ្លួនឯងធ្វើទាស់ចិត្តអ្នកដទៃវិញ
តើគេមានអារម្មណ៍មានចិត្ត ឬមិនមាន?
កុំគិតតែខ្លួនឯងថាគេម្នាក់នេះម្នាក់នោះទាស់ចិត្តយើង
ត្រូវចេះគិតផ្ទុយទៅវិញថា បើគេទាស់ចិត្តយើង យើងក៏ទាស់ចិត្តគេដូចតែគ្នាដែរ។
ព្រោះដូច្នោះ ចូរតាំងមេត្តាចិត្តចំពោះមនុស្សរាល់គ្នា ខន្តី យ៉ាងហោចណាស់ ពេលណាយើងទាស់ចិត្តកុំនិយាយ
នៅឲ្យស្ងប់ស្ងៀម ព្រោះបើនិយាយទៅនៅពេលនោះ ក៏គ្មានផលប្រយោជន៍ស្អីបានមកដែរ យើងរក្សាវាទុកមិននិយាយ ទោះជាល្អក់កករក្នុងចិត្តយ៉ាងណាក៏ត្រូវរក្សាទុកនៅក្នុចិត្តយើងសិន
រួចហើយប្រញាប់ទៅលុបមុខ ងូតទឹកងូតភក់ សូត្រធម៌ នមស្ការថ្វាយបង្គំព្រះ
អង្គុយចម្រើនភាវនាឲ្យសប្បាយចិត្ត។ យើងនឹងធ្វើរបៀបនេះឲ្យបានញឹកញាប់ អាការៈទាស់ចិត្ត
ឬថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្តនឹងថមថយចុះជាលំដាប់។ ចិត្តរបស់យើងនឹងបានថ្លាផូរផង់
និងជាបុគ្គលដែលមានក្តីមេត្តាចិត្តចំពោះមនុស្សគ្រប់រូប។ ចុងក្រោយយើងក៏បានត្រជាក់
បុគ្គលណាចូលជិត្ត ចូលមកស្និតក៏សុខកាយសប្បាយចិត្ត
ហើយយើងផ្ទាល់ក៏មានសេចក្ដីសុខទៅតាមនោះផងដែរ៕
No comments:
Post a Comment