Wednesday, June 08, 2016

ទុកឲ្យបញ្ហាគ្រប់យ៉ាងនោះធ្វើជាគ្រូយើង


“ទុកឲ្យបញ្ហាគ្រប់យ៉ាងនោះធ្វើជាគ្រូយើង ត្រូវចេះរៀន ចេះដោះស្រាយ ហើយភាពជោគជ័យ​នឹងរត់មករកយើង” ប្រសិនបើយើងសង្កេតពិនិត្យឲ្យស៊ីជម្រៅទៅលើជីវិតមនុស្សរស់នៅសព្វថ្ងៃដែលនៅព័ទ្ធជុំវិញខ្លួនយើង ទាំងអ្នកដែលនៅខ្ពស់ជាងយើង និងស្មើយើង ហើយនឹងនៅទាបជាងយើង។
យើងនឹងឃើញជាក់ប្រាកដណាស់ថា អ្នកដែលឈានជើងបានខ្ពស់ជាងយើង មិនមែនពួកគេឈានមួយជំហ៊ានដល់គោលដៅទាំងអស់នោះទេ ពួកគេត្រូវពុះពាររាល់ឧបសគ្គគ្រប់យ៉ាងទាំងផ្លូវកាយ ផ្លូវចិត្ត និងខាងសេដ្ឋកិច្ចផងដែរ។​

ពេលខ្លះ ពួកអ្នកជោគជ័យទាំងនោះបានអភិវឌ្ឍខ្លួនតាំងពីបម្រើការងារឲ្យគេដោយស្ម័គ្រចិត្ត រកស៊ីតាំងពីបាតដៃទទេរ គ្មានចំណេះវិជ្ជារៀនបានខ្ពស់ដូចជាមនុស្សដទៃឡើយ ប៉ុន្តែពួកគេប្រឹងស្រមៃសុបិនឲ្យឃើញថាខ្លួនបានជោគជ័យ ហើយពួកគេធ្វើសុបិននោះឲ្យក្លាយជាពិត។ ការទទួលជោគជ័យមិនមែនដាក់ភ្លាមបានជោគជ័យភ្លាមនោះទេ។ យើងអាចនឹងបានអានជីវប្រវត្តិអ្នកជោគជ័យមួយចំនួននៅជុំវិញពិភពលោក ពួកគេបានធ្វើពលីកម្មខ្លាំងក្លាណាស់ដើម្បីឲ្យសម្រេចបំណងរបស់ពួកគេ។ អ្នកខ្លះបរាជ័យស្ទើរតែមួយរយដង ទើបបានជោគជ័យម្តង អ្នកខ្លះបានជោគជ័យនៅពេលជីវិតត្រូវបញ្ចប់ ​ហើយអ្នកខ្លះទៀតក៏បានបាត់បង់អាយុជីវិតទៅហើយ ទើបបានស្នាដៃខ្លួនបានជោគជ័យតាមក្រោយក៏មានដែរ។

មនុស្សដែលបានជោគជ័យគឺជាមនុស្សដែលយកបញ្ហាទាំងនោះមកធ្វើជាមេរៀន ធ្វើជាគ្រូរបស់ខ្លួន ដើម្បីទៅដោះស្រាយបញ្ហាដទៃផ្សេងៗទៀត។ មនុស្សដែលធ្លាប់ជួបប្រទះបញ្ហាច្រើន នឹងក្លាយជាអ្នកជំនាញដោះស្រាយបញ្ហាបានស្រួលជាងមនុស្សមិនដែលធ្លាប់ជួបប្រទះបញ្ហាណាម្តងសោះ។ ឧទាហរណ៍ ដូចជាមនុស្សធ្លាប់បែកបាក់ក្នុងរឿងស្នេហា​ មុននឹងពួកគេទទួលយកស្នេហាថ្មីមួយមកទៀត ពួកគេត្រូវមានការប្រុងប្រយ័ត្ន និងល្អិតល្អន់ម៉ត់ចត់ជាងមុនជាក់ជាមិនខានឡើយ។ រឿងរៀនសូត្រក៏ដូចគ្នា ថ្ងៃនេះយើងធ្វើលំហាត់ ឬសរសេរតាមអានមិនល្អនៅថ្ងៃនេះ តែក្រោយពីនោះ យើងនឹងចងចាំមេរៀនដែលយើងធ្លាប់ធ្វើពីថ្ងៃមុននោះខុស ហើយសរសេរពាក្យទាំងនោះម្តងទៀត វាមិនសូវចេះខុស។ ការរកស៊ីក៏មិនខុសគ្នាដែរ ការបោះទុនថ្ងៃនេះខុស មិនប្រាកដថាថ្ងៃក្រោយយើងបោះទន់រកស៊ីខាត់បង់នោះទេ។

ដូច្នោះ ភាពជោគជ័យរង់ចាំតែមនុស្ស ស្រលាញ់ចូលចិត្ត ចេះតស៊ូព្យាយាមយកចិត្តទុកដាក់ត្រួតពិនិត្យរាល់កិច្ចការបរស់ខ្លួនដែលបានធ្វើ ថាតើវាមានចំណុចខ្វះខាត់នៅត្រង់ណាខ្លះ និងមានល្អត្រង់ណាខ្លះ។ ចំណុចល្អលើកយកវាមកអនុវឌ្ឍ តែចំណុចដែលមិនល្អត្រូវចេះកែប្រែច្នៃប្រឌិតវាឲ្យល្អឡើងវិញ។ ដូចពាក្យមួយគេនិយាយថា ស្នេហាស្មោះ ចាំតែមនុស្សចេះតស៊ូព្យាយាម។ ផ្លួវទៅកាន់ភាពជ័យមិនមានស្នាមជើងមនុស្សខ្ជិលឡើយ។ ភាពជោគជ័យនឹងមានដល់មនុស្សណាដែលមានការតាំងចិត្តខ្ពស់។ បើមានការព្យាយាមនៅទីណា ភាពជោគជ័យនឹងនៅទីនោះ នេះជាពាក្យដែលខ្ញុំកត់ត្រាទុកនៅក្នុងខួរក្បាលរបស់ខ្ញុំមករហូត ទោះបីជាខ្ញុំមិនជោគជ័យដូចគេក្នុងថ្ងៃនេះក៏ដោយ តែខ្ញុំកំពុងតែដើរលើវិថីរបស់អ្នកជោគជ័យហើយ៕  


No comments:

Post a Comment