Friday, June 10, 2016

១០.ផ្ទះធ្លាប់នៅលំនៅធ្លាប់អាស្រ័យ

ដាក់រូបជាតំណាងលោកបិណ្ឌបាត្រ
បន្ទាប់ពីទទួលទានអាហារល្ងាចរួចរាល់ហើយ រត្តបាណីក៏អន្ទោកអន្ទោលបិតាឲ្យនាំទៅ "ផ្ទះរបស់នាង" ខាងក្នុងក្រុងសាវត្ថី  លោកសេដ្ឋីបានបែងចែកកម្លាំងមនុស្សឲ្យផ្លាស់វេនគ្នានៅយាម និងឲ្យពាក្យណែនាំ​ដែលចាំបាច់ហើយ ក៏នាំរត្តបាណីនិងអនុចរ ២ ឬ ៣ នាក់ទៀតដើរតម្រង់ទៅកាន់ទ្វារធំ ប៉ុន្តែចាត់ទុកថា ​ជា​សំណាងអាក្រក់របស់លោកសេដ្ឋីនិងធីតាតូចយ៉ាងក្រៃលែង ព្រោះបា្រកដឃើញថា នាយទ្វារបាលបានបិទទ្វារ​នគរ​ទៅហើយមុនពេលដែលលោកសេដ្ឋី និងអនុចរមកដល់បន្តិច នៅពេលដឹងថាទ្វារនគរបិទហើយ រត្តបាណីដល់ថ្នាក់ទ្រហោយំហ៊ូយដោយទោមនស្ស ព្រោះនាងមានបំណងចង់នឹងទៅដល់ឲ្យបានឆាប់​ជាទីបំផុត និងមិនព្រមត្រឡប់ទៅកាន់ក្បួនរទេះវិញទេល្គឹកណាមិនបានចូលទ្វារក្រុងទៅផ្ទះដើមរបស់ខ្លួន ។ 
នៅខណៈដែលលោកសេដ្ឋីឈរលួងលោមធីតាតូច នៅក្បែរទ្វារនគរនោះឯង នាយទ្វារបាលក៏បានឮសម្លេង ទើបក្រោកឡើងដើរទៅសម្លឹងមើលតាមប្រហោងតូចៗដែលគេចោះទុកត្រង់បន្ទះទ្វារនគរដើម្បីប្រើជា​ទី​សង្កេត​ មើលហេតុការណ៍នៅខាងក្រៅ គ្រាន់តែប្រទះឃើញក្បាលរបស់នាយទ្វារបាលច្រងោមកត្រង់​ប្រហោងសង្កេតការណ៍ លោកសេដ្ឋីក៏ត្រេកអរ ដើរទៅឈរនៅខាងមុខទ្វារហើយនិយាយថា 
"បពិត្រលោកទ្វារបាល ! ខ្ញុំជាដង្ខៅរទេះ ធ្វើដំណើរមកពីក្រុងពារាណសី ឥឡូវនេះបានបោះជំរំក្បួនរទេះ សម្រាកនៅក្នុងវាលស្រែក្បែរៗទ្វារនគរនេះឯង ស្អែកនោះទើបនាំយកទំនិញចូលទៅលក់ក្នុងក្រុង ប៉ុន្តែខ្ញុំមាន​ញាតិ​ជិតនៅក្នុងព្រះនគរ និងមានរវល់ចាំបាច់ជាបន្ទាន់ត្រូវជួបគាត់ឲ្យបានក្នុងយប់នេះ សូមលោកមេត្តា​បើកទ្វារតូចអនុញ្ញាតឲ្យខ្ញុំនិងអនុចរចូលទៅជួបញាតិនោះផងបានទេ? " 
"មិនបានជាដាច់ខាត" នាយទ្វារបាលនិយាយដោយសម្លេងខ្មោះខ្មូរ "​ខុសច្បាប់នគរបាល ! "
គ្រាន់តែស្តាប់ឮសម្តីបដិសេធរបស់នាយទ្វារបាល រត្តបាណីក៏ស្រែកយំដោយសម្លេងឮខ្លាំងព្រោះកំហកបំណង លោកសេដ្ឋីបែរទៅលួងកូនស្រីមួយស្របក់ហើយងាកទៅនិយាយនឹងទ្វារបាលទៀតថា 
"ខ្ញុំមានក្មេងតូចមកម្នាក់ដែរ នាងជាកូនរបស់ញាតិខ្ញុំនៅក្នុងព្រះនគរ នាងចាកចោលម្តាយទៅនៅជាមួយ​នឹងខ្ញុំអស់ពេលជាយូរហើយ នាងចង់ជួបម្តាយខ្លាំងណាស់ បើលោកមិនអាសូរខ្ញុំទេ សូមយល់ចិត្តអាណិត​ក្មេងផងចុះ"
"ខ្ញុំយល់ចិត្តលោកតើ ! " នាយទ្វារបាលនិយាយដោយ  សម្លេងសម្តែងសេចក្តីអើពើខ្លះ "ប៉ុន្តែលោកក៏គួរតែ​យល់ចិត្តខ្ញុំខ្លះដែរ ខ្ញុំគ្រាន់តែជាភ្នាក់ងារតូចតាច បដិបត្តិតាមពាក្យបញ្ជារបស់ចៅហ្វាយនាយប៉ុណ្ណោះ គ្មានអំណាចបើកបិទទ្វារនគរតាមអំពើចិត្តបានទេ បើខ្ញុំរឹងទទឹងបើកបិទខុសពេលវេលា ហើយបើចៅហ្វាយ​នាយដឹង ខ្ញុំមុខជានឹងត្រូវទោសទណ្ឌយ៉ាងដំណំ ខ្ញុំអាចនឹងត្រូវជាប់គុកក៏បាន សូមឲ្យលោកសាកគិតទៅ​មើលថា បើហេតុភេទអាក្រក់បែបនោះកើតឡើង ប្រពន្ធកូនខ្ញុំមិនដាច់ពោះស្លាប់អស់ទេឬ?" 
"លោកនិយាយត្រូវ" មេត្តិយសេដ្ឋីនិយាយដោយសេចក្តីយល់ចិត្ត "ខ្ញុំសូមសួរជាលើកចុងក្រោយថា ឥឡូវនេះ​ចៅហ្វាយរបស់លោកនៅទីនេះដែរទេ?"
"មិននៅទេ ប៉ុន្តែគាត់ត្រឡប់មកត្រួតត្រាមើលម្តងម្កាល" នាយទ្វារបាលឆ្លើយតប លោកសេដ្ឋីឈរគិតអ្វី​​ម្យ៉ាង មួយសន្ទុះហើយក៏ដើរទៅនិយាយខ្សឹបខ្សាវជាមួយនឹងនាយទ្វារបាលតាមប្រហោងតូចៗនោះ មួយស្របក់ធំកន្លងទៅ ទ្វារតូចក៏បើកឡើង ហើយលោកសេដ្ឋី​ និងអនុចរក៏ដើរឱនក្បាលចូលតាមទ្វារតូចទៅ​យ៉ាងរហ័ស គ្រាន់តែមនុស្សចុងក្រោយចូលផុតទ្វារ នាយទ្វារបាលក៏បិទទ្វារវិញយ៉ាងរហ័សដែរ
លោកសេដ្ឋីសូកស៊កលុយ ១០ កហាបណៈដាក់ក្នុងដៃរបស់នាយទ្វារបាលតាមដែលយល់ស្របគ្នា ហើយក៏ប្រញាប់នាំគ្នីគ្នាដើរតម្រង់ទៅឡើងរទេះសេះឈ្នួលមួយ អ្នកដែលរំភើបត្រេកអរចិត្តជាពិសេស គឺរត្តបាណី នាងបានសម្តែងសមត្ថភាពប្រាប់ឲ្យនាយសារថីបររទេះទៅតាមថ្នល់ផ្សេងៗបានយ៉ាងត្រឹមត្រូវ រហូតមកដល់ប្រាសាទធំមួយខ្នង គ្រាន់តែចុះពីរទេះសេះភ្លាម រត្តបាណី​​ ក៏រត់តម្រង់ទៅចុងកណ្តឹងត្រង់ទ្វារ​ធំយ៉ាង​អន្ទះ​សា មេត្តិយសេដ្ឋីនិងអនុចរម្នាក់ៗសម្លឹងមើលនាងដោយសេចក្តីងេងងោង មិនយូរប៉ុន្មាន ទ្វារធំក៏បើកច្រហឡើង អ្នកដែលឈរនៅខាងមុខទ្វារ គឺជាស្រ្តីវ័យកណ្តាលម្នាក់ រត្តបាណីសម្លឹងមើល​ស្រ្តីនោះយ៉ាងផ្ចិតផ្ចង់មួយស្របក់  ហើយក៏ស្រែកចេញមកដោយសម្លេងឮថា 
"នន្ទា! នន្ទា! អ្នកមីងនៅចាំខ្ញុំបានទេ?"និយាយហើយក៏រត់ទៅឱបជើងស្រ្តីដែលមានឈ្មោះថា នន្ទា យ៉ាងណែន។ 
ស្រ្តីម្នាក់នោះងឿងងាំងស្រឡាំងកាំង​ ចំពោះហេតុការណ៍ ដល់ថ្នាក់ឈរគាំងហាមាត់ច្រហយ៉ាងយូរ សម្លឹង​មើលមេត្តិយសេដ្ឋីហើយក៏ឈ្ងោកមើលក្មេងស្រីចម្លែក ដែលស្គាល់ឈ្មោះរបស់ខ្លួនទៅមក ប៉ុន្តែមុនពេល​ដែល​ស្រ្តីនោះសាកសួររឿងរ៉ាវដែលកើតឡើង រត្តបាណីក៏លែងដៃរត់ចេញទៅតាមផ្លូវដើរដែលក្រាល​ ដោយថ្មតម្រង់ទៅកាន់ប្រាសាទភ្លាម មេត្តិយសេដ្ឋីនិងអនុចរនាំគ្នាដើរជាប់តាមទៅយ៉ាងរួសរាន់ ខាងក្នុង​បន្ទប់ល្វែងធំទូលាយដែលភ្លឺចិញ្ចាចដោយចង្កៀងគោម ស្រ្តីជរាម្នាក់កំពុងតែអង្គុយធ្វើកិច្ចការផ្ទាល់ខ្លួន​នៅយ៉ាងស្ងប់  រត្តបាណីឈប់ឈរសម្លឹងមើលស្រ្តីជរានោះ​ ដោយសេចក្តីអល់ឯកមួយស្របក់ ហើយក៏រត់​តម្រង់ទៅរកគាត់ទាំងមាត់ស្រែកហៅយ៉ាង រឡះរឡាំងថា 
"អ្នកម៉ែ! អ្នកម៉ែ!" នាងស្ទុះចូលទៅសម្រុតខ្លួននៅក្បែរជើងរបស់ស្រ្តីជរានោះ ឱបជើងគាត់យ៉ាងមាំ ហើយក៏យំខ្សឹកខ្សួលទាំងពិលាបថាអ្នកម៉ែ អ្នកម៉ែមិនដាច់ពីមាត់។
ចំណែកខាងស្រ្តីជរា លុះចាប់ផ្តើមរសាយបាត់ពីសេចក្តីស្រឡាំងកាំងហើយក៏បែរមកសម្លឹងមើលមេត្តិយសេដ្ឋី​ និងអនុចរដែលកំពុងតែឈរមិងមាំងនៅត្រង់ទ្វារបន្ទប់ល្វែង ហើយក៏និយាយឡើងដោយសម្លេងរដាក់​រដុបថា 
"នែ! កើតរឿងស្អីហ្នឹង? នរណាគេហ្នឹង? ពួកអស់លោកជានរណា? ប្រាប់ខ្ញុំមកមើល តើវាកើតរឿងអី?" 
"អ្នកម៉ែចាំកូនមិនបានទេឬ?" រត្តបាណីជែងនិយាយឡើង ងើយមុខដ៏រលោករលំ​ដោយទឹកភ្នែក ឡើងសម្លឹង​មើលស្រ្តីជរា  "លីលាវតីហ្នឹងណៈ! លីលាវតីត្រឡប់មករកអ្នកម៉ែហើយ! មកនៅជាមួយនឹងអ្នកម៉ែជា​រៀង​រហូត"។ 
……………………………………………
 ពាក្យសម្តីដ៏ឆ្លែកចម្លែករបស់ក្មេងស្រីចម្លែក​ ធ្វើឲ្យស្រ្តីជរាភ្ញាក់ព្រើតស្រឡាំងកាំង គាត់ស្ទុះក្រោកឡើងឈរ ថយទៅក្រោយ ២ ឬ ៣ ជំហាន សម្លឹងមើលក្មេងស្រីចម្លែកដោយកែវភ្នែកក្រលួង ហើយក៏និយាយឡើងដោយសម្លេងស្ទើរតែស្រែកថា
"លីលាវតី! លីលាវតីឬ? មិនអាចទៅរួចទេ លីលាវតីកូនស្រីរបស់ខ្ញុំមិនមែនក្មេងស្រីតូចយ៉ាងនេះទេ លីលាវតី​ជានាងភិក្ខុណី​និងបានស្លាប់ទៅជិត ១០ ឆ្នាំហើយ" 
ភ្លាមនោះ រត្តបាណីក៏សម្រុតខ្លួនចុះអង្គុយផ្ទាល់នឹងផ្ទៃរាប យកដៃខ្ទប់មុខយំខ្សឹកខ្សួលថា 
"អ្នកម៉ែចាំកូនមិនបានទេ អ្នកម៉ែភ្លេចកូនហើយ" និយាយទាំងយំខ្សឹកខ្សួលយ៉ាងគួរឲ្យអាសូរ 
ស្រ្តីជរាបានដើរទៅរកក្មេងស្រីតូចដែលអាងខ្លួនថា ជាលីលាវតី អង្គុយចុះយកដៃអង្អែលខ្នងយ៉ាងករុណា សម្លឹង​មើលមុខមាត់របស់នាងយ៉ាងពិនិត្យពិច័យ ហើយងាកមកសួរមេត្តិយ សេដ្ឋី​ និងគណៈដែលនៅឈរសង្កេត​មើល​ហេតុការណ៍យ៉ាងស្ងប់ថា 
"តើលោកជាអ្នកណា? មកពីណា?  ហេតុការណ៍ទាំងអស់នេះមានន័យថាម៉េច? ជួយបំភ្លឺឲ្យខ្ញុំយល់ផង ខ្ញុំវង្វេង​អស់ហើយ" 
លោកមេត្តិយសេដ្ឋី​ និងគណៈបានអង្គុយលុតជង្គង់ចុះ ហើយលោកសេដ្ឋីបាននិយាយឡើងថា 
"ខ្ញុំបាទ ឈ្មោះ មេត្តិយៈ ជាមេដង្ខៅមកពីក្រុងពារាណសី ឥឡូវនេះបានបោះជំរំក្បួនរទេះទុកខាងក្រៅក្រុង ក្មេងស្រីម្នាក់នេះ គឺរត្តបាណី ជាធីតារបស់ខ្ញុំ មានរឿងចម្លែកជាច្រើនទាក់ទងនឹងនាង ចាប់តាំងពីនាង​មាន​អាយុបាន ៣ ឬ ៤ ឆ្នាំមក នាងមិនព្រមឲ្យអ្នកណាក្នុងផ្ទះហៅឈ្មោះថា រត្តបាណី ដែលខ្ញុំតាំងឲ្យទេ ប៉ុន្តែឲ្យគេ​ឯងហៅខ្លួននាងថា លីលាវតី ហើយក៏តំណាលប្រាប់ឲ្យខ្ញុំស្តាប់ថា ក្នុងជាតិមុន នាងកើតជាកូនស្រីរបស់​លោក​សុមង្គលគ្រហបតីនៃក្រុងសាវត្ថី ប៉ុន្តែបិតារបស់នាងបានទទួលអនិច្ចកម្មទៅយូរហើយ នៅសល់តែមាតា នាងបានទទូចអង្វរខ្ញុំឲ្យនាំមកលេងម្តាយឯក្រុងសាវត្ថី ស្ទើរតែមិនលោះថ្ងៃ ខ្ញុំមិនមានពេលទើបណ្តោះបណ្តៃ​ជារឿយៗមក  លុះមកដល់ឆ្នាំនេះឃើញថាជាឱកាសល្អ ដែលនឹងពិសោធឲ្យ​ឃើញ​ការពិតម្តង​ទើបនាំ​នាង​មក ឥឡូវនេះ ខ្ញុំជឿដោយឥតសង្ស័យថា នាងគឺជា លីលាវតី ក្នុងជាតិមុនពិតមែន គ្រាន់តែក្បួនរទេះរបស់​យើង​បរឆ្លងកាត់ព្រះជេតវនារាម នាងក៏ចង្អុលឲ្យខ្ញុំមើល ហើយប្រាប់ឈ្មោះបានយ៉ាងត្រឹមត្រូវ ថែមទាំងប្រាប់​ទៀតថា រេវត្តៈគូស្នេហ៍របស់នាងធ្លាប់រស់នៅឯព្រះជេតវនារាមនោះ ហើយឥឡូវនេះរស់នៅឯក្រុងរាជគ្រឹះ ល្ងាចមិញនេះឯង គ្រាន់តែយើងចូលទ្វារនគរមកបានហើយ​ ឡើងជិះរទេះសេះ នាងជាអ្នកប្រាប់ឲ្យនាយ​សារថីបរបត់រទេះ​ ទៅតាមថ្នល់ផ្សេងៗដរាបមកដល់គេហដ្ឋានេះបានសម្រេច" 
"បពិត្រអ្នកនាងម្ចាស់!" ស្រ្តីវ័យកណ្តាលដែលបើកទ្វារនិយាយឡើងដោយសម្លេងញ័រៗ "គ្រាន់តែខ្ញុំបើកទ្វារ​ទទួល នាង​ក៏ស្ទុះមកឱបជើងខ្ញុះហើយហៅឈ្មោះខ្ញុំបានយ៉ាងត្រឹមត្រូវ រហូតដល់ខ្ញុំភាំងស្រឡាំងកាំងអស់" 
គ្រាន់តែមេត្តិយសេដ្ឋីនិងនាងនន្ទានិយាយចប់ ក៏ដល់វេនស្រ្តីជរាជាម្តាយត្រូវយំសម្រក់ទឹកភ្នែកម្តង នាង​បាន​ឱបរឹត​ក្មេងស្រីចម្លែកនោះនែបនិត្យនឹងដើមទ្រូង ហើយក៏យំស្រក់ទឹកភ្នែករហេមរហាម មាត់ក៏ពោលរង៉ែរង៉ូវ​ថា 
"លីលាវតី ! លីលាវតី ! កូនស្រីមាសម្តាយ !" វាជារូបភាពដែលធ្វើឲ្យរអាក់រអួលរំជួលអារម្មណ៍យ៉ាងខ្លាំង រហូតដល់ធ្វើឲ្យលោកសេដ្ឋី អនុចរ និងនាងទាសីឈ្មោះនន្ទាត្រូវហៀរទឹកភ្នែករលេងរលោងដែរ។ 
"កូនអើយ !" ស្រ្តីជរាខ្សឹកខ្សួលដោយសម្លេងស្អកស្អា "ម្តា-យ ត្រេកអរជាទីបំផុត ត្រេកអរពន់ពេកដែល​បានជួបជាមួយនឹងកូនរបស់ម្តាយទៀត ទោះបីកូនមានរូបរាងសង្ខារនិងអាយុខុសឆ្លែកប្លែកពី​ដើមច្រើន​ក៏ដោយ ម្តាយក៏ដឹងច្បាស់ថាដួងវិញ្ញាណរបស់កូន គឺលីលាវតីជាកូនរបស់ម្តាយហ្នឹងឯង ចាប់តាំងពីកូន​ចេញបួសជាភិក្ខុណី ហើយធ្វើដំណើរទៅក្រុងរាជគ្រឹះ  តាំងពីពេលនោះមក ម្តាយទន្ទឹងរង់ចាំមើលការ​វិលត្រឡប់របស់កូនដោយសេចក្តីទុក្ខព្រួយ លុះចំណេរកាលតមក ក៏មានដំណឹងមកថា កូនបានស្លាប់ទៅ​ហើយឯក្រុងរាជគ្រឹះ ម្តាយក៏លែងមានសេចក្តីសុខណាៗក្នុងជីវិត ប្រើជីវិតឲ្យកន្លងផុតទៅមួយថ្ងៃៗ ជា​មួយ​នឹងនន្ទាទាសីស្មោះភក្តីរបស់ម្តាយប៉ុណ្ណោះ សំណាងល្អ ដែលឪពុករបស់កូនបានបន្សល់ទុកទ្រព្យសម្បត្តិ​យ៉ាងច្រើន ម្តាយទើបមិនលំបាកក្នុងជីវភាពរស់នៅ សេចក្តីសុខតែម្យ៉ាងគត់ដែលម្តាយបានទទួល គឺលះបង់ទ្រព្យធនធ្វើបុណ្យសុន្ទរ៍ទាន ហើយឧទ្ទិសភាគផលកុសលឲ្យដល់ឪពុករបស់កូន ជ័យសេន និងកូន ឥឡូវនេះ ម្តាយជឿយ៉ាងប្រាកដថា មនុស្សយើងស្លាប់ហើយមុខជាកើតទៀត សេចក្តីស្លាប់មិនមានន័យ​ សម្រាប់សេចក្តីស្រឡាញ់កាញ់កួចដ៏ជិតស្និទ្ធស្អិតរ   មួតរវាងយើងបានទេ ថ្ងៃនេះម្តាយមានសេចក្តីសុខ​ជាទីបំផុតដែលបានជួបកូនរបស់ម្តាយទៀត និងកាន់តែមានសេចក្តីសុខថែមទៀត បើឪពុករបស់កូននិង​ជ័យសេនបងប្រុសរបស់កូនវិលត្រឡប់មកដូចយ៉ាងកូនទៀត" 
កាលបើសំណោកសោកសង្រេង​ និងសេចក្តីរំភើបរំភើយស្បើយចិត្តទាំងពួងស្រាកស្រន់អន់ថយហើយ រត្តបាណី​ដែលឥឡូវនេះគួរបានឈ្មោះថា លីលាវតី ដដែល ក៏ចេញទៅត្រួតពិនិត្យមើលផ្ទះរបស់ខ្លួនភ្លាម  នាងចូលបន្ទប់នោះចេញបន្ទប់នេះ សួររកអីវ៉ាន់ប្រើប្រាស់ចាស់ៗ ដែលនាងធ្លាប់ប្រើយ៉ាងវីវក់ អីវ៉ាន់ខ្លះ​នន្ទា​ក៏អាចរកមកឲ្យនាងបាន ប៉ុន្តែអីវ៉ាន់ខ្លះក៏បាត់បង់ទៅហើយ ការដែលនាងអាចចងចាំអីវ៉ាន់ផ្សេងៗបាន​យ៉ាងត្រឹមត្រូវនេះ ជាភស្តុតាងសំខាន់ចុងក្រោយដែលធ្វើឲ្យម្នាក់ៗ ជឿដោយឥតសង្ស័យថា រត្តបាណី គឺលីលាវតីយ៉ាងពិតប្រាកដ។ 

នៅរាត្រីថ្ងៃនោះឯង បណ្តាញាតិមិត្រសំខាន់ៗ ត្រូវបានកោះហៅខ្លួនមកយ៉ាងរួសរាន់ដើម្បីឲ្យមកមើលជីវិត និងរាងកាយថ្មីរបស់លីលាវតី គ្រាន់តែឃើញមុខប៉ុណ្ណោះ លីលាវតីក៏អាចហៅឈ្មោះញាតិមិត្របានគ្រប់គ្នា និងសួរដំណែដំណឹងបានយ៉ាងរអិលឥតទាក់ ញ៉ាំងសេចក្តីចម្លែកចិត្តនិងបីតិប្រា​  មោទ្យឲ្យកើតឡើងដល់គ្រប់ៗគ្នា បរិយាកាសនៃគេហដ្ឋានរបស់នាងគ្រហបតានីក្នុងរាត្រីថ្ងៃនោះ​ មើលទៅដូចជាច្របូកច្របល់ និងគឹកកងឈូឆរហាក់នឹងថា​ មានមហកម្មដូច្នោះ មេត្តិយសេដ្ឋីបានលាម្ចាស់ផ្ទះវិលត្រឡប់ទៅជំរំសម្នាក់ក្នុង​ពេលមជ្ឈិមយាម បណ្តោយឲ្យធីតាខ្លួន នៅជាមួយនឹងម្តាយដើមតាមបំណងរបស់នាង។
...............................................
រឿងនាងលីលាវតី​វគ្គត្រង់ផ្ទះធ្លាប់នៅលំនៅធ្លាប់អាស្រ័យ
ចុះផ្សាយដោយ៖ គេហទំព័រពុទ្ធសាសនា

No comments:

Post a Comment