មេត្តិយសេដ្ឋី និងគណានុចរត្រឡប់មកដល់ទ្វារនគរក្នុងពេលអធ្រាត
ឆ្មាំទ្វារបានបើកទ្វារតូចឲ្យចេញតាមដែលយល់ស្របគ្នា នៅពេលត្រឡប់មកដល់បន្ទាយសម្នាក់
លោកសេដ្ឋីសង្កេតឃើញថា បរិវាររបស់លោកខ្លះបានសម្រាន្តលក់ទៅហើយ ប៉ុន្តែអ្នកខ្លះក៏នៅអង្គុយជាក្រុមជំនុំគ្នាដែរ
នៅពេលឃើញលោកសេដ្ឋីវិលត្រឡប់មកវិញ អ្នកដែលមិនទាន់សម្រាន្តលក់ក៏ចូលមកចោមរោមសាកសួរដល់ហេតុការណ៍ដែលកើតឡើងដោយចំណាប់អារម្មណ៍
លោកសេដ្ឋីក៏តំណាលឲ្យស្តាប់តាំងពីដើមដល់ចប់ ធ្វើឲ្យអ្នកខ្លះដែលនៅសន្ទិះសង្ស័យជឿដោយអស់សង្ស័យថា
រត្តបាណី គឺលីលាវតីក្នុងជាតិមុនពិតមែន ។
លុះដល់ថ្ងៃព្រឹកឡើង នៅពេលទ្វារក្រុងបើកហើយ មេត្តិយសេដ្ឋីក៏នាំក្បួនរទេះចូលទៅក្នុងក្រុង
ដើម្បីនាំទំនិញ សំពត់កោសេយ្យទៅលក់ក្នុងផ្សារ ថ្ងៃនោះចាត់ទុកថាជាថ្ងៃហេងយ៉ាងខ្លាំងសម្រាប់លោកសេដ្ឋី
ព្រោះប្រាកដឃើញថា ទំនិញរបស់លោកលក់ដាច់ដូចសាច់ត្រូវប្រេង ត្បិតថាសំពត់កោសេយ្យដែលផលិតចេញពីដែនកាសី
គេឯងក៏ស្គាល់ច្បាស់ក្នុងជម្ពីទ្វីបថា សំពត់កោសេយ្យ(សំពត់ព្រែ)ជាសំពត់ដែលមានគុណភាព
និងមានសម្រស់ស្រស់ស្អាត ជាទីប្រាថ្នាត្រូវការរបស់មនុស្សទូទៅ តាមធម្មតា សំពត់កោសេយ្យមានដាក់លក់តិចតួចក្នុងក្រុងសាវត្ថីទាំងមានតម្លៃខ្ពស់ទៀត
សេដ្ឋីគ្រហបតីស្តុកស្តម្ភប៉ុណ្ណោះដែលមានឱកាសប្រើប្រាស់បាន កាលបើមានឈ្មួញមកពីក្រុងពារាណសី
នាំយកសំពត់កោសេយ្យមកលក់ដោយខ្លួនឯងទាំងលក់ដោយតម្លៃថោក ប្រជាជនទើបចោមរោមទិញយ៉ាងអ៊ូអរ
ឈ្មួញកណ្តាលខ្លះក៏ទិញម៉ៅយកយ៉ាងច្រើនដើម្បីយកទៅស្តុក ទុកក្នុងហាងន្នាលនឹងលក់យកកម្រៃមួយតំណទៀត
នៅកំលុងថ្ងៃរសៀលនុះឯង លោកសេដ្ឋីក៏លក់ទំនិញបានទាំងអស់ និងបានលុយជាច្រើន លុះបានលុយហើយក៏ដើររកទិញទំនិញទេសីយភណ្ឌ
(Local
products) ផ្សេងៗ ផ្ទុកលើរទេះដើម្បីនាំត្រឡប់ទៅលក់ឯស្រុកកំណើតរបស់ខ្លួនតទៅ
។
នាសាយណ្ហសម័យនៃថ្ងៃនោះ មេត្តិយសេដ្ឋីព្រមទាំងបរិវារជំនិត ២
ឬ ៣ នាក់បានធ្វើដំណើរទៅគេហដ្ឋានរបស់នាងគ្រហបតានីដែលជាម្តាយអតីតជាតិរបស់លីលាវតី មួយអន្លើដោយគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់ធីតាតូចរបស់ខ្លួន
ប៉ុន្តែក៏ត្រូវខុសបំណង នៅពេលបានដំណឹងថា "លីលាវតី" និង ញាតិសន្តានមុន
មួយចំនួនបានចេញដំណើរទៅក្រុងសាកេតុហើយ ដើម្បីទៅលេងបងស្រីឈ្មោះ កណ្ណិកា នាងគ្រហបតានីប្រាប់ថា
លីលាវតីរំអុកឲ្យគេនាំខ្លួនទៅលេងកណ្ណិកាតាំងពីយប់មិញម្លេះ លុះព្រឹកឡើង នាងគ្រហបតានីក៏ចាត់តាំងញាតិខ្លះឲ្យនាំទៅ
"អង្កាល់ណានឹងត្រឡប់មកវិញ?" មេត្តិយសេដ្ឋីសួរដោយទឹកមុខស្រងូតស្រងាត់
ព្រោះនឹកអាល័យដល់ធីតាតូចរបស់ខ្លួនយ៉ាងខ្លាំង
"ឮគេប្រាប់ថាទាំងទៅទាំងមកត្រូវចំណាយពេល ៧ ថ្ងៃ ព្រោះក្រុងសាកេតុឆ្ងាយទៅទិសខាងជើងប្រមាណជា
៦ យោជន៍ បើធ្វើដំណើរដោយរទេះសេះ ក៏ចំណាយពេលប្រហែលជា ២ ថ្ងៃ
លោកត្រូវជួបលីលាវតីសិនមែនទេ?"
"មែន" លោកសេដ្ឋីអះអាង
"ខ្ញុំត្រូវតែរង់ចាំជួបរត្តបាណីសិន"
"ក្នុងកំលុងនៃការរង់ចាំនេះ សូមអញ្ជើញលោកមកសម្រាកខាងក្នុងគេហដ្ឋានរបស់ខ្ញុំសិនក៏បាន
ព្រោះគេហដ្ឋានរបស់យើងល្វឹងល្វើយ មានមនុស្សនៅមិនប៉ុន្មាននាក់ប៉ុណ្ណោះ សូមឲ្យលោកចាត់ទុកថាយើងជាញាតិជិតស្និទ្ធគ្នាតទៅ
ព្រោះយ៉ាងណាយ៉ាងណីយើងក៏បានជាឪពុកម្តាយរបស់កូនតែម្នាក់ទៅហើយ សូមកុំបានក្រែងរអែងចិត្តឡើយ"
"សូមអរគុណអ្នកជាអនេក "លោកសេដ្ឋីឆ្លើយតប" ប៉ុន្តែ ខ្ញុំប្រហែលជាទទួលយកបដិសណ្ឋារកិច្ចរបស់អ្នកមិនបានទេ។
ព្រោះខ្ញុំត្រូវឃ្លាំចាំមើលត្រួតត្រាក្បួនរទេះរាប់រយ
ដែលបោះបន្ទាយសម្នាក់នៅខាងក្រៅកំពែងក្រុង គង់នឹងមកអើតងើតម្តងម្កាលប៉ុណ្ណោះ"
"បើអញ្ចឹង ក៏សូមអញ្ជើញលោកតាមអធ្យាស្រ័យចុះ"
នាងគ្រហបតានីឆ្លើយ "ខ្ញុំយល់ចិត្តលោក
ពីព្រោះប្តីរបស់ខ្ញុំធ្លាប់ជាដង្ខៅរទេះមកពីមុនដែរ ធ្លាប់ត្រួតត្រាក្បួនរទេះ ៤០០
ទៅជួញប្រែតាមភូមិឃុំនិគមជនបទផ្សេងៗដូចយ៉ាងលោកដែរ នៅពេលទៅដល់ក្រុងណាមួយ គាត់ក៏ចតបោះបន្ទាយសម្នាក់ក្រៅក្រុងដែរ
ព្រោះងាយស្រូលក្នុងការរកទឹកនិងស្មៅឲ្យគោ ប្រសិនបើលោកមានពេលទំនេរនៅពេលណា សូមអញ្ជើញលោកឈាងចូលមកសំណេះសំណាលជាមួយនឹងខ្ញុំផងចុះ"។
ទីបំផុត លោកមេត្តិយសេដ្ឋីក៏ត្រូវនៅរង់ចាំធីតាតូចតទៅ ៧
ថ្ងៃទៀត ក្នុងកំលុងពេលនេះ លោកបានចំណាយពេលវេលាឲ្យកន្លងផុតទៅ
ដោយការទៅទាក់ទងជាមួយនឹងឈ្មួញសំខាន់ៗខ្លះនៃក្រុងសាវត្ថី អំពីរឿងជំនួញខ្លះ
រកទិញទំនិញផ្ទុករទេះបន្ថែមទៀតខ្លះ ដើរទស្សនាកន្លែងសំខាន់ៗ ក្នុងក្រុងសាវត្ថីខ្លះ ទៅសន្ធនាជាមួយនឹងនាងគ្រហបតានីម្តាយមុនរបស់លីលាវតីខ្លះ
ដោយការសន្ទនាជាមួយនឹងនាងគ្រហបតានីក្នុងពេលតមក លោកសេដ្ឋីក៏បានដឹងសេចក្តីលម្អិតអំពីជីវិតអតីតជាតិរបស់លីលាវតី
បានយល់ដឹងដល់សម្ពន្ធភាពដ៏ស្អិតរមួតរវាងលីលាវតីនិងរេវត្តៈតាំងពីដើមដំបូង បានដឹងដល់សេចក្តីស្នេហាដែលឥតប្រែប្រួលរបស់លីលាវតី
រហូតដល់សម្រេចចិត្តចេញបួសជាភិក្ខុណីតាមព្រះរេវត្តៈទៅដរាបដល់ជួប ឯក្រុងរាជគ្រឹះ
និងបានដឹងថាលីលាវតីធ្លាក់ខ្លួនឈឺព្រោះសេចក្តីទ្រោមចិត្ត និងទទួលអនិច្ចកម្មទៅយ៉ាងគួរឲ្យអាណោចអធ័ម
"ចុះពេលនេះ ព្រះរេវត្តៈនៅមានជីវិតរស់ឬទេ?" លោកសេដ្ឋីសួរ
"ខ្ញុំមិនដឹងដែរ" នាងគ្រហបតានីឆ្លើយតប
"ព្រោះពេលវេលាកន្លងហួសទៅច្រើនឆ្នាំហើយ
ខ្ញុំពុំដែលបានទទួលដំណឹងដឹងឮពីលោកឡើយ"
លោកសេដ្ឋីអង្គុយឈ្ងោកមុខគិតមួយស្របក់ ហើយសួរដោយកិរិយាមិនសប្បាយចិត្តថា
"តើអ្នកគិតថា
លីលាវតីនឹងភ្លេចព្រះរេវត្តៈបានទេ?"
នាងគ្រហបតានីដកដង្ហើមធំហ៊ឺហើយឆ្លើយថា
"ខ្លាចក្រែងថាមិនអាចបំភ្លេចបាន
ពីព្រោះយប់មិញនេះ នាងក៏សួររកដល់ព្រះរេវត្តៈគ្រប់ពេលវេលា ថែមទាំងឲ្យនន្ទានាំទៅមើលសួនខាងក្រោយផ្ទះ
និងស្រះទឹកដែលនាងធ្លាប់អង្គុយសន្ទនាជាមួយនឹងរេវត្តៈទៀត នន្ទាប្រាប់ថា
នាងអង្គុយយំនៅមាត់ស្រះទឹកអស់ពេលជាយូរ"
"ចុះពេលនេះ
ព្រះរេវត្តៈភិក្ខុមានអាយុប្រហែលជាប៉ុន្មាន?" លោកសេដ្ឋីសួរ
នាងគ្រហបតានីអង្គុយគិតគន់រាប់ម្រាមដៃមួយស្របក់ ហើយឆ្លើយថា
"លោកមានព្រះជន្មប្រហែលជា
៣៧ ឬ ៣៨ ឆ្នាំ"
"បើអញ្ចឹង
ប្រហែលជាគ្មានបញ្ហាស្មុគស្មាញអ្វីកើតឡើងទៀតទេ" លោកសេដ្ឋីនិយាយទាំងដកដង្ហើមធំយ៉ាងធូរទ្រូង
"ព្រោះអាយុឆ្ងាយពីគ្នាណាស់ ហើយម្យ៉ាងទៀត ព្រះរេវត្តៈទំនងជាធ្វើដំណើរចេញពីក្រុងរាជគ្រឹះ
ទៅនៅទីកន្លែងដទៃហើយ ជួនកាលអាចទទួលអនិច្ចធម្មទៅហើយក៏បាន ខ្ញុំជឿថា លីលាវតី
និងព្រះរេវត្តៈមុខជានឹងគ្មានឱកាសបានជួបគ្នាទៀតទេ"
"មិនប្រាកដទេ ! មិនប្រាកដទេ !
"នាងគ្រហបតានីនិយាយដោយយោនិសោ "ព្រោះបើព្រះរេវត្តៈបានឮដំណឹងថាលីលាវតីកើតហើយ លោកមុខជានឹងធ្វើដំណើរមកជួបយ៉ាងពិតប្រាកដ
ពុំនោះសោតទេ លីលាវតីអាចរំអុកឲ្យយើងនាំទៅក្រុងរាជគ្រឹះក៏បាន"
"ឲ្យយើងចាំមើលចុះថាអ្វីនឹងកើតឡើង" មេត្តិយសេដ្ឋីនិយាយ
"ជួនកាល យើងអាចត្រូវចុះចាញ់ចំពោះប្រណិធានដ៏មុតមាំរបស់អ្នកទាំងពីរក៏បាន"
។
…………………………………………………..
នៅពេលគ្រប់កំណត់ ៧ ថ្ងៃហើយ លីលាវតីតូចក៏វិលត្រឡប់មកដល់ក្រុងសាវត្ថីវិញ កណ្ណិកាជាបងស្រីព្រមទាំងស្វាមីនិងបុត្របានធ្វើដំណើរមកជាមួយដែរ
ទើបបានមានពិធីឆ្លង
សម្តែងមុទិតាចិត្តចំពោះការជួបជុំនៃក្រុមញាតិ ជាសារវន្ត លុះថ្ងៃព្រឹកឡើង នាងគ្រហបតានីបានណែនាំឲ្យចាត់ចែងទីកន្លែងនិងចំណីអាហារដើម្បីអង្គាស
ភិក្ខុសង្ឃចំនួន ៥០០ រូប ក្នុងថ្ងៃតមក លីលាវតីតូចមើលទៅហាក់បីដូចជារំភើបត្រេកអរជាងនរណាៗទាំងអស់ដែលបានឃើញភិក្ខុសង្ឃ
នៅពេលអ្វីៗចាត់ចែងរៀបរយហើយ ភិក្ខុសង្ឃចំនួន ៥០០ រូបមកពីព្រះជេតវនារាម ក៏ចូលទៅឆាន់ភត្តាហារក្នុងគេហដ្ឋានរបស់នាងគ្រហបតានី។
លីលាវតីតូច
បានប្រគេនចង្ហាន់ភិក្ខុសង្ឃដោយដៃរបស់ខ្លួនដោយអារម្មណ៍រីករាយក្អាកក្អាយ
នាងគ្រហបតានី មេត្តិយសេដ្ឋី ព្រមទាំងក្រុមញាតិបានសន្យាគ្នាទុក មុនហើយថានឹងមិនណែនាំលីលាវតីតូចឲ្យភិក្ខុសង្ឃស្គាល់ទេ
ប៉ុន្តែផែនការរបស់ពួកគេមិនបានសម្រេច ត្បិតក្នុងកំលុងពេលដែលព្រះសង្ឃកំពុងតែឆាន់ចង្ហាន់នុះឯង
លីលាវតីបានអង្គុយត្រួតពិនិត្យមើលភិក្ខុសង្ឃទាំងពួង សម្លឹងមើលមុខអង្គនោះអង្គនេះដោយពិនិត្យពិច័យ
ហាក់នឹងថាកំពុងរុករកអ្នកណាម្នាក់ដូច្នោះ នៅទីបំផុត កុមារីតូចបានសួរភិក្ខុជរាដែលគង់នៅជួរមុខថា
"បពិត្រលោកម្ចាស់
! តើស្គាល់ព្រះរេវត្តៈឬទេ?"
ភិក្ខុរូបនោះ សម្លឹងមើលកុមារីតូចដោយសេចក្តីចម្លែកចិត្ត ហើយសួរថា
"ព្រះរេវត្តៈអង្គណា? ព្រះភិក្ខុឈ្មោះរេវត្តៈមានច្រើនអង្គ?"
"ព្រះរេវត្តៈដែលធ្លាប់ធ្វើជាចោរ
ក្រោយមកបានបួសហើយគង់ចាំវស្សាឯវត្តជេតវ័ន រួចក៏ទៅនៅឯក្រុងរាជគ្រឹះ"
ភិក្ខុរួបនោះទ្រឹងគិតមួយស្របក់ទាំងនឹកស្ងើចចំពោះភាពប៉ិនប្រសប់និយាយរបស់កុមារីតូច
ដោយសេចក្តីចម្លែកចិត្ត ព្រោះមើលទៅហាក់នឹងថានាងមិនគួរនិយាយស្តីបានរាក់ទាក់រួសរ៉ាវដូចយ៉ាងមនុស្សធំដូច្នោះសោះ
"ព្រះរេវត្តៈរូបនោះអាត្មាស្គាល់
"លោកឆ្លើយនៅទីបំផុត
លីលាវតីតូចញញឹមយ៉ាងពេញចិត្ត ហើយសួរយ៉ាងតក់ក្រហល់ថា
"លោកម្ចាស់ស្គាល់ព្រះរេវត្តៈ
ចុះពេលនេះ លោកគង់នៅឯណា?"
"ពេលមុនចូលវស្សាឆ្នាំនេះ
មានភិក្ខុមួយរូបនិមន្តមកពីក្រុងរាជគ្រឹះ ប្រាប់ថា លោករេវត្តត្ថេរៈជាប្រធានសង្ឃនៅឯព្រះវេឡុវនារាមក្នុងក្រុងរាជគ្រឹះនុះឯង"
គ្រាន់តែស្តាប់ឮចម្លើយពីភិក្ខុរូបនោះ លីលាវតីតូចក៏រត់តម្រង់ទៅរកមាតា
ហើយប្រាប់ដោយសេចក្តីរំភើបត្រេកអរថា
"អ្នកម៉ែ !
លោកបងរេវត្តៈនៅឯក្រុងរាជគ្រឹះ ! លោកបងរេវត្តៈនៅឯក្រុងរាជគ្រឹះ ! អ្នកម៉ែត្រូវនាំលីលាវតីទៅ
ក្រុងរាជគ្រឹះណៈ "
នៅទីបំផុត នាងគ្រហបតានីនិងមេត្តិយសេដ្ឋីចាំបាច់ត្រូវតំណាលរឿងរ៉ាវគ្រប់យ៉ាងទាក់ទងនឹងលីលាវតី
ឲ្យភិក្ខុសង្ឃស្តាប់ នៅពេលបានស្តាប់រឿងពិតបែបនោះ ភិក្ខុដែលនៅជាបុថុជ្ជននៅមានសេចក្តីមន្ទិលសង្ស័យ
ក្នុងគោលការណ៍របស់សង្សារវដ្ត ការអន្ទោលស្លាប់កើតរបស់សត្វម្នាក់ៗ
ក៏កើតសទ្ធាជឿជាក់ថា សត្វលោកដែលនៅមិនទាន់អស់កិលេសតណ្ហាលុះស្លាប់ហើយតោងតែកើតទៀតយ៉ាងពិតប្រាកដ។
នៅពេលភិក្ខុសង្ឃឆាន់ភត្តាហារ អនុមោទនានិងលាវិលត្រឡប់ទៅវត្តវិញហើយ
មេត្តិយសេដ្ឋីបាននិយាយឡើងថា
"ខ្ញុំបានមកនៅក្នុងក្រុងសាវត្ថីច្រើនថ្ងៃហើយ
ឥឡូវនេះ កិច្ចការផ្សេងៗក៏រួចរាល់ហើយដែរ ខ្ញុំចង់សុំយកធីតាតូចរបស់ខ្ញុំលាអ្នកវិលត្រឡប់ទៅក្រុងពារាណសីវិញ"
ពាក្យសម្តីរបស់មេត្តិយសេដ្ឋី
ប្រៀបបីដូចជារន្ទះអសនីបាតបាញ់ផាំងមកចំបន្ទូលក្បាលរបស់នាងគ្រហបតានី
"បពិត្រលោកសេដ្ឋី! "នាងគ្រហបតានីនិយាយដោយសម្លេងអួលអាក់បន្ទាប់ពីអង្គុយស្ងៀមអស់ពេលជាយូរ "ម៉េចក៏លោកនិយាយអញ្ចឹង? ខ្ញុំក៏មានចំណែកជាម្ចាស់របស់លីលាវតីដូចយ៉ាងលោកដែរមិនមែនឬ? ខ្ញុំនៅស្រឡាញ់ពេញចិត្តលីលាវតីមិនទាន់ឆ្អែតទេ
លោកមកពង្រាត់ទៅហើយ លោកប្រហែលជាមិនដឹងទេថាតើខ្ញុំរងទុក្ខជូរចត់កម្សត់ប៉ុណ្ណាដែលកូនស្រីពៅត្រូវមច្ចុរាជឆក់យកទៅអស់ពេលជិត
១០ ឆ្នាំហើយខ្ញុំត្រេកអរនិងអរគុណលោកប៉ុណ្ណាដែលលោកនាំនាងមករកខ្ញុំទៀត"
លោកសេដ្ឋីដកដង្ហើមធំហ៊ឺហើយនិយាយថា
"ខ្ញុំយល់ចិត្តអ្នកជាទីបំផុត
ប៉ុន្តែអ្នកក៏គួរតែយល់ចិត្តខ្ញុំដែរ ខ្ញុំមានកូនតែម្នាក់គត់ គឺរត្តបាណីប៉ុណ្ណោះ នាងជាទីស្រឡាញ់ស្មើកែវភ្នែករបស់ខ្ញុំ
របស់ម្តាយនិងអ្នកគ្រប់គ្នានៅឯផ្ទះ មុននឹងចាកចេញពីក្រុងពារាណសី ម្តាយរបស់នាងបានសង្កត់ធ្ងន់មាំមួនថាឲ្យនាំរត្តបាណីវិលត្រឡប់មកវិញឲ្យបាន
ខ្ញុំជឿថា ថ្មើរនេះនៅឯផ្ទះ មុខជាស្ងប់ស្ងាត់ព្រោះខ្វះរត្តបាណី ម្តាយរបស់នាងមុខជាយំនឹកដល់កូនស្រីរាល់ថ្ងៃ
សូមអនុញ្ញាតឲ្យរត្តបាណីទៅជាមួយនឹងខ្ញុំចុះ"
នៅខណៈដែលមេត្តិយសេដ្ឋីនិងនាងគ្រហបតានីកំពុងតែចរចាគ្នានុះឯង លីលាវតីតូចក៏រត់មកអង្គុយលើភ្លៅរបស់ម្តាយអតីតជាតិ
ហើយក៏ផ្លាស់ទៅអង្គុយលើភ្លៅរបស់មេត្តិយសេដ្ឋីជាបិតាបច្ចុប្បន្នជាតិដោយកិរិយាយកចិត្តយកថ្លើម
ធ្វើឲ្យអ្នកទាំងពីរសម្លឹងមើលមុខគ្នាដោយទឹកភ្នែករលីមរលាម ។
....................................................................
រឿងនាងលីលាវតីវគ្គត្រង់ដំណឹងល្អចេញពីព្រះសង្ឃ
ចុះផ្សាយដោយ៖ គេហទំព័រពុទ្ធសាសនា
No comments:
Post a Comment