Saturday, June 18, 2016

១៣.នយោបាយចាស់ដែលឥតបានការ

មុនពេលត្រឡប់ទៅក្រុងពារាណសី មេត្តិយសេដ្ឋីនិងនាងគ្រហបតានីបានធ្វើកិច្ចសន្យាជាមួយគ្នាក្នុងចំណុច​ រាយរងជាច្រើនទៀត ដូចជា នៅពេលលីលាវតីនៅក្នុងទីកន្លែងមួយគ្រប់ ៦ ខែហើយ ត្រូវឲ្យភាគីមួយ​ទៀតជា​អ្នកចាត់ចែងនាំលីលាវតីទៅឲ្យភាគីមួយទៀត និងនៅពេលនាងចម្រើនវ័យវឌ្ឍនាការសមគួរនឹងមានគូគ្រង​ហើយ ភាគីណាមួយនឹងចាត់ចែងក្នុងរឿងគូគ្រងតែម្នាក់ឯងមិនបានទេ តោងតែទទួលបានសេចក្តីយល់ស្រប​ពីភាគីមួយទៀតសិនជាដើម។

បានសេចក្តីថា ក្នុង ៦ ខែដំបូង លីលាវតីតូចបានប្រើជីវិតរស់នៅក្នុងបន្ទុករបស់នាងគ្រហបតានីជាម្តាយ​ អតីតជាតិរបស់នាងដោយសេចក្តីសុខស្រណុកស្រណានក្រៃលែង នាងគ្រហបតានីបានថ្នាក់ថ្នមបីបមយកចិត្ត នាងគ្រប់យ៉ាង ទោះនាងចង់ធ្វើអ្វី ចង់បានអ្វី ឬចង់ទៅទីណា នាងគ្រហបតានីអនុលោមតាមទាំងអស់ មានរឿង​មួយ​ប៉ុណ្ណោះដែលនាងមិនអាចអនុលោមតាមបាននុះគឺ បំណងប្រាថ្នារបស់កុមារីតូចចង់ធ្វើដំណើរ​ទៅក្រុង​រាជគ្រឹះ នាងគ្រហបតានីព្យាយាមគ្រប់យ៉ាងដើម្បីឲ្យធីតាតូចរបស់ខ្លួនបំភ្លេចអតីតជាតិដ៏ជូរចត់កម្សត់នោះចោល ដូចជា ព្យាយាមឲ្យកូនៗរបស់ពួកញាតិដែលមានវ័យស្មើគ្នា មកប្រ  ឡែងលេងជាមួយ ប៉ុន្តែមិនសូវបាន​លទ្ធផលទេ ព្រោះលីលាវតីតូចពុំសូវចាប់អារម្មណ៍លេងជាមួយនឹងក្មេងៗស្របាក់ស្របាលគ្នាឡើយ ផ្ទុយទៅ​វិញ នាងចូលចិត្តលេង និងជជែកជាមួយនឹងមនុស្សធំ នៅលាយឡំនឹងមនុស្សធំច្រើនជាងនៅជាមួយនឹង  ក្មេងៗ លីលាវតីតូចសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភិក្ខុសង្ឃ រាល់លើកដែលសង្កេតឃើញភិក្ខុសង្ឃនិមន្ត​ដើរកាត់មុខទៅ នាងសង្កេតពិនិត្យមើលដោយចំណាប់អារម្មណ៍ និងឧទានឡើងជានិច្ចថា
"មើលទៅស្រដៀងនឹងរេវត្តៈណាស់ហ្ន ! " រហូតដល់នាងគ្រហបតានីហាមប្រាម មិនឲ្យមនុស្សក្នុងផ្ទះនិយាយ​ដល់រេវត្តៈនិងក្រុងរាជគ្រឹះទៀត។
 "ក្រុងរាជគ្រឹះនៅឆ្ងាយណាស់កូនអើយ ! " នាងគ្រហបតានីប្រាប់ធីតាតូចរាល់លើកដែលនាងស្នើសុំឲ្យនាំ​ទៅក្រុងរាជគ្រឹះ "ម៉ាក់ដឹងថា ក្រុងរាជគ្រឹះនៅឆ្ងាយដាច់ស្រយាលចេញទៅទិសខាងកើត មានរយៈចម្ងាយ​រាប់រយយោជន៍ ផ្លូវពោរពេញទៅដោយភយន្តរាយនានា អ្នកដំណើរដើរផ្លូវត្រូវធ្វើដំណើរទៅជាហ្វូងជាហ្វាយ​ ចំនួនរាប់រយនិងមានអាវុធគ្រប់ដៃទើបមានជីវិតរួចរស់ទៅដល់ក្រុងរាជគ្រឹះបាន សូមឲ្យកូន​អត់ធ្មត់​រង់​ចាំ​សិន​ទៅ ទម្រាំនឹងកូនធំឡើងជាមនុស្សពេញវ័យហើយ សឹមម៉ាក់ចាត់ការឲ្យគេនាំទៅ" 
បន្ទាប់ពីនៅក្រុងសាវត្ថីគ្រប់ ៦ ខែហើយ នាងគ្រហបតានីក៏ចាត់ក្បួនរទេះអ្នកការពារជាច្រើន ព្រមទាំង​បណ្ណាការមានតម្លៃផ្សេងៗឲ្យនាំលីលាវតីទៅប្រគល់ឲ្យដល់មេត្តិយសេដ្ឋី ឯក្រុងពារាណសីតាមកិច្ចសន្យា នៅពេលឃើញធីតាទោលតែម្នាក់គត់ត្រឡប់មកដល់ នាងមេត្តិយារត់ត្រង់តម្រង់ទៅឱបរឹតធីតាតូច ទ្រហោ​យំដោយបីតិប្រាមោទ្យអស់ពេលជាយូរ ទើបសាកសួរដំណើរដំណឹងផ្សេងៗរហូតដល់ធីតាតូចឆ្លើយតប​សឹងមិនទាន់ ការដែលធីតាតូចចាកចោលទៅនៅជាមួយនឹងអ្នកដទៃអស់រយៈពេល ៦ ខែ មើលទៅហាក់​នឹង​ថា ធ្វើឲ្យមេត្តិយសេដ្ឋីនិងភរិយាស្រឡាញ់និងយកចិត្តធីតាតូចទ្វេឡើង លីលាវតីតូចទើបប្រើជីវិតរស់​នៅក្នុងក្រុងពារាណសីដោយសេចក្តីសុខក្សេមក្សាន្តរូហានបាននឹងម្ចាស់ក្សត្រី​ ទោះបីធីតាតូចត្រូវការអ្វី មាតាបិតាត្រូវប្រញាប់រកមកឲ្យដោយមិនបាច់ប្រាប់លើកទី ២ ទេ ប៉ុន្តែក៏ដូចគ្នានឹងគ្រាដែលនៅក្រុងសាវត្ថី លីលាវតីតូចអន្ទោកអន្ទោលបិតាឲ្យនាំទៅក្រុងរាជគ្រឹះ សឹងតែមិនលោះថ្ងៃ លោកសេដ្ឋី ក៏ប្រើវិធីបណ្តោះ​បណ្តៃ​ដោយ​អាងហេតុផលផ្សេង ៗដូចយ៉ាងនាងគ្រហបតានីដែរ ។
…………………………………………………
ខណៈដែលលីលាវតីផ្លាស់ផ្តូរទៅនៅជាមួយនឹងមាតាបិតាទាំងសងខាងម្ខាង ៦ ខែយ៉ាងនេះ ពេលវេលាក៏កន្លង​ហួសទៅ កន្លងចាកថ្ងៃជាខែ ចាកខែជាឆ្នាំ ចាកមួយឆ្នាំជាច្រើនឆ្នាំ រហូតដល់លីលាវតីបានចម្រើនវ័យធំឡើង ជាយុវតីអាយុ ១៤ ឆ្នាំ មានឆោមសម្រស់ស្រស់លើសយុវតីទាំងឡាយ ទាំងឯក្រុងសាវត្ថីនិងក្រុងពារាណសី កវីខ្លះដែលបានមកឃើញឆោមសម្រស់របស់នាងដល់ថ្នាក់ពិពណ៌នាថា ផ្ទៃមុខរបស់នាងមូលក្រឡង់ និងមាន​រស្មីភ្លឺថ្លាដូចព្រះចន្ទពេញវង់ក្នុងខែកត្តិក កែវភ្នែករបស់នាងមូលខ្មៅក្រិប មានចុងភ្នែកស្រួចស្រឹបដូចភ្នែកក្តាន់ នៅពេលភ័យស្លន់ប្រមា ចិញ្ចើមទាំងគូងរខ្ទើតដូចដងធ្នូដែលដំឡើងខ្សែហើយ រិមបបូរមាត់មានពណ៌ក្រហម​ស្រស់ដូចផ្លែបាសទុំ សក់របស់នាងខ្មៅរលើបរលោងវែងប្រះស្មាដូចប៉ុយអម្ពុធរបៀមព្រះពិរុណសំយុងឰដ៏​នភាល័យ ដៃទាំងទ្វេរៀវស្រស់មូលក្លំដូចប្រមោយដំរី ត្រាច់ចរកែក្រាយទៅមកដោយលីលាល្វាស់ល្វន់​ញ៉ែង​ញ៉ង​ដូចលីលាដំរី ស្នាមញញឹមប្រិម   ប្រិយហាក់បីកាំបិតមុតស្រួច កាត់កួចទងបេះដូងបុរសឲ្យដាច់អស់ដូច្នោះ 
សម្រស់ឆើតឆោមលីលាវតី            ពេលឃើញរូបស្រីកវីស្នេហា
មុខមូលក្រឡង់ដូចវង់ចន្រ្ទា            កត្តិកមាសាចិន្តាជាប់ចិត្ត ។
កែវភ្នែកទាំងគូមូលខ្មៅក្រពុំ          ចុងភ្នែកស្រីមុំដូចមុខកាំបិត
ចាក់ចំបេះដូងកវីនេះពិត               កើតចិត្តស្នេហ៍ស្និទ្ធត្បិតសម្រស់នាង។
ចិញ្ចើមទាំងគូងរខ្ទើតក្រញង់          ដូចអង្គដងធ្នូដំឡើងព្រមព្រៀង
ប្រុងបាញ់ប្រហារប្រុសណាមើលមៀង   ដួងចិត្តប្រុសទៀងនឹងស្លាប់ខូចបង់។
បបូរមាត់ស្រីដូចផ្លែបាសទុំ          ក្រហមស្រស់ពុំរោយរុះចាកទង
សក់ខ្មៅរលើបទាំងវែងទងវង      កវីស្នេហ៍ស្នងតើបានឬទេ?
ប្រមោយដំរីកវីថាស្អាត               ចាញ់ចាលរូបស្បាតនៃដៃទាំងទ្វេ
រាងរៀវយាងយាសល្អអ្វីម្លេះទ       ដងដៃទាំងទ្វេញ៉ែងញ៉ងទន់ភ្លន់ ។
បង់បោយកែក្រាយដូចដៃដំរី       ល្វាសល្វន់ពេកក្រៃកវីលង់ស៊ុន
ក្នុងសម្រស់ស្រីមិនឆ្អែតមិនឆ្អន់    ឥតស្រាកឥតស្រន់ព្រោះចិត្តកួចប៉ង ។
ស្នាមញញឹមស្រីកវីស្ទើរភ្លឹក          គាំងអស់លំនឹកតាំងផ្គងបំណង
ស្រឡាញ់លីលាវតីនួនល្អង           កវីរូបបងប៉ងតែនាងមួយ ។
ព្រោះហេតុដែលលីលាវតីមានសម្រស់ឆើតឆោមបែបនេះទើបជាទីប៉ុនប៉ងរបស់បណ្តាយុវជន និងបុត្រសេដ្ឋីគ្រហបតីព្រាហ្មណ៍មហាសាលទូទៅ មានយុវជននិងបុត្រសេដ្ឋីជាច្រើនបានបញ្ជូននាយសារបើកផ្លូវព្រម​ទាំង​បណ្ណាការដ៏មានតម្លៃមកស្តីដណ្តឹងនាងចំពោះមាតាបិតាទាំងឯក្រុងសាវត្ថី និងក្រុងពារាណសី មាតាបិតា​របស់នាងទាំងសងខាងក៏ប្រាថ្នាត្រូវការយ៉ាងខ្លាំងក្លាដើម្បីឲ្យធីតារបស់ខ្លួនមានគ្រួសារដើម្បីបញ្ចប់បញ្ហាស្មុគស្មាញផ្សេងៗ ប៉ុន្តែមានចំណោទបញ្ហាស្មុគស្មាញ ២ ប្រការ គឺ ទី ១ លីលាវតីមិនសម្តែង​ចំណាប់​អារម្មណ៍ចំពោះបុរសណាឡើយ ទី ២ មាតាខាងនីមួយៗ ចង់ឲ្យលីលាវតីមានគ្រួសារនៅឯក្រុង​របស់​ខ្លួន​ ដើម្បីឲ្យខ្លួនបាននៅក្បែរខាងនាងរហូតអស់មួយជីវិត ប៉ុន្តែនៅពេលស្នើសុំទៅភាគីម្ខាងទៀត ក៏ត្រូវភាគី​ម្ខាង​ទៀត​បដិសេធភ្លាម ហេតុផលក្រោយនេះបានជាប្រ យោជន៍យ៉ាងច្រើនដល់លីលាវតី ព្រោះប្រៀបបី​ដូចជាក្រោះរបាំងរាំងការពារមិនឲ្យនាងក្លាយជារបស់ប្រុសណា ។
ក្នុងកំលុងពេលនេះឯង   ខណៈដែលលីលាវតីកំពុងតែអាស្រ័យនៅជាមួយនឹងនាងគ្រហបតានីឯក្រុងសាវត្ថី បានកើតហេតុការណ៍មួយឡើង ហេតុការណ៍លើកនេះជាផែនការដែលនាងគ្រហបតានីគិតប្រឌិតឡើង​ ដោយចេតនាល្អចំពោះលីលាវតី ប៉ុន្តែរម្ងង់របស់នាងគ្រហបតានីនិងជម្លាសឈ្លាសហួសហេតុ​របស់​លីលាវតី ទើបធ្វើឲ្យកើតហេតុការណ៍សោកសង្រេងឡើង ពោលគឺ នាងគ្រហបតានីមានបំណងដាច់ខាត​នឹងឲ្យ​លីលាវតីបំភ្លេចរេវត្តៈចោល ប៉ុន្តែកាលបើរកមិនឃើញវិធីណាដែលនឹងធ្វើឲ្យនាងបំភ្លេចបាន នាងគ្រហបតានីទើបគិតប្រើវិធីបន្លាមុតយកបន្លាជោះបើទុកជាវិធីនេះមិនមែនជាវិធីសុចរិតក៏ដោយ ។
នៅមានបុត្ររបស់ព្រាហ្មណ៍មហាសាល ក្នុងក្រុងសាវត្ថីម្នាក់ដែលមានអាយុស្របាក់ស្របាលនឹងភិក្ខុរេវត្តៈ ទាំងមានឈ្មោះថា រេវត្តៈ ទៀត យុវជនរេវត្តៈម្នាក់នេះមានបំណងប៉ងប្រាថ្នាលីលាវតីយ៉ាងខ្លាំងក្លា ទាំងនាង​គ្រហបតានី​ក៏ចូលចិត្តគេទៀត ប៉ុន្តែលីលាវតីមិនធ្លាប់ស្គាល់បុរសនេះមកពីមុនទេ នាងគ្រហបតានី ទើបប្រើ​ឧបាយកលឲ្យញាតិសាច់ឆ្ងាយជាច្រើននាក់មកប្រាប់លីលាវតីថា ឥឡូវនេះ ភិក្ខុរេវត្តៈអតីតគូស្នេហ៍របស់​នាងបានលាសិក្ខមកជាគ្រហស្ថហើយ ហើយបានធ្វើដំណើរចេញពីក្រុងរាជគ្រឹះមកនៅក្រុងសាវត្ថីជា​ច្រើន​ថ្ងៃហើយ លុះបានឮដំណឹងនេះ លីលាវតីក៏នៅតែមិនជឿ ប៉ុន្តែនៅពេលមានគេមកប្រាប់ឲ្យស្តាប់ជារឿយ ៗ នាងហាក់សង្ស័យដែរ ពួកញាតិថែមទាំងប្រាប់ទៀតថា រេវត្តៈចង់ជួបលីលាវតីយ៉ាងខ្លាំង បើបានទទួល​អនុញ្ញាតពីលីលាវតីនៅពេលណា នឹងធ្វើដំណើរមកជួបភ្លាម នាងគ្រហបតានីបានទៅជួបយុវជនរេវត្តៈ​ជាកិច្ចផ្ទាល់ខ្លួន និងតំណាលរឿងសម្ពន្ធភាពរវាងលីលាវតីនិងភិក្ខុរេវត្តៈក្នុងអតីតជាតិឲ្យគេស្តាប់យ៉ាង​ល្អិតល្អន់ ទាំងណែនាំវិធីដោះបន្ទាល់ផ្សេងៗឲ្យស្រេចបាច់ផង នៅទីបំផុត លីលាវតីក៏សម្រេចចិត្តនឹងជួប រេវត្តៈ នាងគ្រហបតានីត្រេកអរណាស់ ព្រោះជឿថា ផែនការរបស់ខ្លួនប្រាកដជានឹងសម្រេច ព្រោះនាង​ជឿ​ថាលីលាវតីនឹងមិនអាចចាំរេវត្តៈបានទេ ។
……………………………………………………
នៅទីបំផុត អ្នកទាំងពីរក៏បានមកប្រទល់មុខគ្នា លីលាវតីសម្លឹងមើលរេវត្តៈក្លែងក្លាយយ៉ាងផ្ចិតផ្ចង់មួយស្របក់ ហើយក៏សួរឡើងថា
"សេចក្តីកំបាំងគ្មានទេក្នុងលោក បើគ្មានអ្នកណាផ្សេង ខ្លួនលោកក៏ដឹង ពេលនេះលោកដឹងបានដូចម្តេច ដឹងថាលោកជារេវត្តៈគូស្នេហ៍របស់ខ្ញុំ ឬថាលោកជារេវត្តៈម្នាក់ទៀត? "
សំណួរដ៏ឈ្លាសវៃនិងជ្រាលជ្រៅរបស់លីលាវតី ធ្វើឲ្យរេវត្តៈក្លែងក្លាយក្រអឹមក្រអៀនសៀនមមៀនរហូតដល់​និយាយមិនចេញ​​ លីលាវតីមិនរង់ចាំស្តាប់ចម្លើយរបស់គេទេ គ្រាន់តែសួរហើយនាងក៏បែរខ្នងដើរទៅទាំង​មុខក្រញ៉ូវ ចូលទៅក្នុងបន្ទប់បង្ខាំងខ្លួនឯង ហើយក៏ទ្រហោយំ
"លីលាវតីអើយ ! " នាងនិយាយរទូរទាំនឹងខ្លួនឯង "ឯងពេញជាសាងកម្មអ្វី? កើតមកជាតិណា​ មានតែត្រូវគេ ឬសូម្បី​ម្តាយនិងញាតិជិតរបស់ខ្លួនបោកប្រាស់ឥតឈប់ឈរ អង្កាល់ណានឹងអស់កម្មពៀរ សោយសុខ សម​បំណងក្នុងរឿងស្នេហាម្តង?" 
នាងគ្រហបតានី និងពួកញាតិអ្នកសមគំនិតរៀបចំផែន ការ កាលបើឃើញផែនការរបស់ខ្លួនបរាជ័យ​យ៉ាង​បះ​ជើងហើយក៏កើតទុក្ខទោម្នេញ ចូលទៅរកលីលាវតីសារភាពទោសកំហុសនិងសូមឲ្យលីលាវតីអត់ឱនអភ័យទោស 
"នៅសម័យដែលសុវឌ្ឍនកុមារក្នុងជាតិមុន លីលាវតីក៏បានឲ្យអភ័យទោសដល់អ្នកម៉ាក់ម្តងហើយ លើកនេះលីលាវតីក៏ត្រេកអរនឹងឲ្យអភ័យទោសដល់អ្នកម៉ាក់ម្តងទៀត ប៉ុន្តែអ្នកម៉ាក់ទៅវិញទេ ដែលឥតធ្លាប់យល់ចិត្ត​អាណិត​​លីលាវតីសោះ មានតែចាំបង្ខំចិត្តលីលាវតីជារឿយ ៗ បើដឹងយ៉ាងនេះ លីលាវតីនឹងមិនត្រឡប់​មក​កើត​ថ្មី​ទៀត​ទេ ទោះបីកើតថ្មីទៀតក៏មិនត្រឡប់មកឲ្យឃើញមុខដែរ" 
ពាក្យសម្តីរបស់លីលាវតី ប្រៀបបីដូចជាមុខកាំបិតដ៏មុតស្រួចចាក់ដោតបេះដូងរបស់មាតាឲ្យឈឺពើតផ្សា នាងគ្រហបតានីទ្រហោយំទឹកភ្នែករហេមរហាម និងសន្យាយ៉ាងមុតមាំថានឹងលែងធ្វើទង្វើណាៗ ដែល​ជាការ​បង្ខូច​ទឹកចិត្តរបស់លីលាវតីទៀតហើយ នឹងផ្តល់សេរីភាពពេញលេញដល់នាងក្នុងរឿងស្នេហា ចាប់​តាំងពីពេលនោះមក គេហដ្ឋានរបស់នាងគ្រហបតានីក៏បិទទ្វារស្លង់ សម្រាប់យុវជននិងមិនយុវជន​ទាំង​ឡាយដែលត្រូវការមកចែចូវស្តីដណ្តឹង ។ 
នៅគ្រាមួយទៀត ខណៈដែលកំពុងតែស្នាក់នៅឯក្រុងពារាណសី លីលាវតីក៏បានជួបប្រទះរឿងគួរឲ្យសោក​សៅមួយទៀត ដែលជាផែនការរបស់នាងមេត្តិយាជាម្តាយធ្វើឡើងដោយករុណានិងបំណងល្អចំពោះនាង ពោលគឺ នៅពេលឃើញថា លីលាវតីមិនចាប់អារម្មណ៍ចំពោះបុរសណា ៗ និងដឹងច្បាស់ថា ឧបសគ្គសំខាន់ គឺ ភិក្ខុរេវត្តៈ នាងមេត្តិយាគ្រហបតានី ក៏ប្រើឧបាយកលឲ្យមនុស្សនិយាយពាក្យចចាមអារ៉ាមថា ភិក្ខុរេវត្តៈ​ ដែលគង់នៅឯក្រុងរាជគ្រឹះនោះបានទទួលមរណភាពហើយ នៅពេលឮដំណឹងនេះ ជួសនឹងលីលាវតីរងទុក្ខ​អំពល់ខ្វល់ចិត្តអស់សង្ឃឹមចំពោះរេវត្តៈ និងត្រេកអរទទួលយកស្នេហារបស់រាជបុត្រស្តុកស្តម្ភមួយ​អង្គ​ ដែល​មាតាបិតាយល់ព្រម នាងត្រឡប់ជាសម្តែងអាការព្រងើយកន្តើយវ្ហោះវ្ហើយចំពោះពាក្យចចាមអារ៉ាមនោះ ព្រោះនាងមានលំនឹកហាក់នឹងថាមានអ្វីមកខ្សឹបប្រាប់នាងថា រេវត្តៈនៅមានជីវិត
"បំភ្លេចលោកចោលទៅ កូនអើយ!" ម្តាយបច្ចុប្បន្នជាតិលួងលោម "ព្រោះយ៉ាងណាយ៉ាងណី លោក៏សុគត​ទៅ​ហើយ គ្មានប្រយោជន៍អ្វីទេ"
"ប៉ុន្តែលោកបងនៅមានជីវិត" លីលាវតីជំទាស់
"កូនដឹងបានយ៉ាងម៉េចថាលោកនៅមានជីវិត?"
 "ចុះអ្នកម៉ាក់ដឹងបានយ៉ាងម៉េចថា លោកបងសុគតហើយ?"
"ក៏ឮពាក្យចចាមអារ៉ាមទូទៅថា លោកសុគតហើយ" 
"តើអ្នកម៉ាក់ជឿ ឬថាពាក្យចចាមអារ៉ាមសុទ្ធតែជាការពិត ?" សំណួរដ៏ឈ្លាសវៃរបស់លីលាវតីធ្វើឲ្យមាតា​ភីង​ភាំងភ្លាម

"សូមឲ្យអ្នកម៉ាក់ឈប់និយាយរឿងលោកបងរេវត្តៈ"លីលាវតីនិយាយឡើងយ៉ាងបានចង្វាក់ "បើមិនឈប់ទេ លីលាវតីនឹងគេចទៅនៅឯក្រុងសាវត្ថី"ពាក្យគំរាមរបស់លីលាវតីបានផលល្អជាទីបំផុត ព្រោះនាងដឹងច្បាស់​ថា ម្តាយរបស់នាងមិនចង់ឲ្យនាងចាកចោលទៅទេ ចាប់តាំងពីពេលនោះមកម្នាក់ៗមិនហ៊ាននិយាយ​រឿង​រេវត្តៈទៀតទេ ដោយលំអាននេះ ១ ឆ្នាំទៀតក៏កន្លងផុតទៅ ។ 
.........................................................

No comments:

Post a Comment