Thursday, June 09, 2016

តើធម្មជាតិគឺជាអ្វី?


ធម្មជាតិ តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត លោកប្រែថា ធម៌ សភាព សភាវៈ។ ចំណែកក្នុងសំណេរមួយរបស់លោកសាស្ត្រាចារ្យម្នាក់ បង្រៀននៅក្នុងសាកលវិទ្យាល័យសាលាឡុងកនមួយបានឆ្លើយនឹងសំណួរនេះថា ធម្មជាតិ ប្រកបផ្សំដោយពាក្យពីរមាត់គឺ ធម្មៈ និងជាតៈ។

ធម្មៈគឺការពិត គឺវត្ថុដែលប្រាកដចាប់ត្រូវបាន ទទួលដឹងបាន ដួចជាតួយ៉ាងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គបានត្រាស់ដឹង និងនាំយកគោលការណ៍ទាំងអស់នោះ មកអប់រំទូន្មានពួកយើងគឺការត្រាស់ដឹងច្បាស់អំពីសច្ចភាព ពោលគឺព្រះធម៌។ ចំណែកឯជាតៈគឺគឺការកើតឡើង ដែលជារបស់វដ្ដចក្ក មានពេលកើតក៏រមែងមានពេលរលត់ ឬស្លាប់ ដូចជាស្លឹកឈើដែលមានពេលទុំជ្រុះ វាគឺជាសភាពវដ្តចក្ក។ ដូច្នេះ ធម្មជាតិគឺជាវិថីឬ វដ្តចក្កនៃសច្ចភាពដែលកើតឡើង។

ន័យមួយទៀតថា ធម្មជាតិ អាចមានច្រើនមុំបានដល់ ជាសច្ចភាព ជាធម៌ ជាសកម្មភាពប្រែប្រួល មានចលនាមិនចេះឈប់ឈរ ជាក្រិត្យក្រមដែលនៅខ្ពស់ជាងច្បាប់អ្វីៗ ដែលវាគ្រប់ដណ្តប់អភិបាលរក្សាគ្រប់វត្ថុទាំងឡាយទាំងពួងឲ្យមានដំណើរការប្រព្រឹត្តទៅតាមធម្មតារបស់វា។ វាជាចំណុចចាប់ផ្តើម ចន្លោះរវាងចំណុចបញ្ចប់រាល់អ្វីៗទាំងអស់។ ធម្មជាតិមាននៅក្នុងគ្រប់វត្ថុ កើតមានគ្រប់វត្ថុ។

ដោយឡែកមួយទៀតថា ធម្មជាតិ គឺជាវត្ថុដែលមានស្រាប់ និងផ្លាស់ប្តូរបែ្រប្រួលទៅគ្រប់ពេលវេលា មិនមានអ្នកណាបង្កើត មិនមានអ្នកគ្រប់គ្រង មិនមានអ្នកណាកំណត់ទិសដៅបាន មិនមានទីបំផុត។ល។វាមានសភាវដូច្នេះឯង។ មនុស្សច្រើនតែមិនដឹងថា ខ្លួនជាធម្មជាតិនោះទេ។

ម្យ៉ាងទៀតថាធម្មជាតិគឺក្រិត្យក្រម ដែលទូលំទូលាយ និងដាច់ខាត មិនអាចមានវត្ថុណាជំទាស់ប្រឆាំងបានសូម្បីតែបន្តិច។ ទោះបីជារឿងជិតដិតនឹងខ្លួនងាយៗ ដូចជាយើងមិនស៊ីបាយ ក៏មានអារម្មណ៍ថាឃ្លាន, ពេលយើងរត់យ៉ាងលឿនស្លេវ វាដល់នូវការហត់នឿយអស់កម្លាំង, ផ្លែប៉ោមជ្រុះចុះមកលើដី, បក្សាបក្សីហោះហើរលើមេឃ មានយប់និងថ្ងៃ។ នេះវាកើតមានជារឿងធម្មតាប៉ុណ្ណោះហ្នឹងឯង ព្រោះធម្មជាតិ ក៏គឺសភាពធម្មតា។

ធម្មតាមានន័យថា រឿងប្រក្រតីទូទៅ ដែលត្រូវកើតមានយ៉ាងនោះ ព្រោះវាត្រូវកើតមានបែបនោះឯង កើតជាបែបបទដទៃមិនបាន មិនមានអ្វីមកជំទាស់ប្រឆាំងវាមិនបាន មិនមានហេតុផលថា  តើហេតុអី? តែវាកើតមានបែបនោះ វាមានមកតាំងតែពេលណានោះក៏មិនដឹងដែរ។ ហេតុផលដែលម្នាក់ៗលើកឡើងជាទឡ្ហីករណ៍ ដូចយ៉ាង ទ្រឹស្តីកម្លាំងទំនាញផែនដី ឬ E=mc square នោះ គ្រាន់តែជាហេតុផលដែលលើកឡើង ដើម្បីគាំទ្រច្បាប់ធម្មជាតិដែលមានស្រាប់ហើយតែប៉ុណ្ណោះ។ ច្បាប់ធម្មជាតិនេះ វាស្មុគស្មាញណាស់ និងហួសពេកពីការលើកយកវាមករាបរាប់ណាស់ទៅទៀត។

ប្រែ. ចាន់

No comments:

Post a Comment