ទំនាយរបស់បុរោហិតាចារ្យធ្វើឲ្យមេត្តិយសេដ្ឋីវិលត្រឡប់ទៅកាន់ប្រាសាទវិញដោយមិនសូវសប្បាយចិត្ត
ព្រោះនឹកខ្វល់អំពល់ចិត្តអំពីអនាគតរបស់កុលធីតាខ្លួន មេត្តិយសេដ្ឋីខំចិញ្ចឹមបីបាច់និងរក្សាការពារកុលធីតាជាពិសេស
បានផ្តែផ្តាំមេនំឲ្យមើលថែកុលធីតាឲ្យបានល្អ មិនឲ្យនាំចេញទៅក្រៅបរិវេណប្រាសាទទេ និងមិនឲ្យមនុស្សចម្លែកមុខសុំពបីលេងជាដាច់ខាត
រត្តបាណីបានចម្រើនវ័យឡើងតាមទិនទិវាដែលកន្លងទៅ រហូតដល់មានអាយុបាន ៤ ឆ្នាំ នាងសម្តែងឫកពានិងពាក្យសម្តីប្លែកៗឲ្យមេដោះបានស្តាប់ឮនៅថ្ងៃមួយ ខណៈដែលកំពុងលេងលើវាលស្មៅមុខប្រាសាទមួយអន្លើដោយមេដោះ
រត្តបាណីបានដើរត្រង់ទៅកាន់ទ្វារធំ ដើម្បីចេញទៅខាងក្រៅ មេដោះតាមទៅពមកវិញនិងសួរថាតើនឹងទៅណា
កុមារីតូចបានឆ្លើយថានឹងទៅក្រុងសាវត្ថី ចម្លើយរបស់នាងនាំមកនូវសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្មានអ្នកណាដឹងថា
ហេតុអ្វីបានជានាងស្គាល់ក្រុងសាវត្ថីទេ មួយឆ្នាំតមកទៀត នៅពេលនាងមានអាយុជិតគ្រប់ ៥
ឆ្នាំ ខណៈដែលមេដោះស្រែកហៅ នាងថា "រត្តបាណី! រត្តបាណី!" នាងបានសម្លឹងមើលមេដោះដោយអាការសម្តែងសេចក្តីមិនពេញចិត្ត
ហើយឆ្លើយថា
"កុំមកហៅខ្ញុំថា រត្តបាណី ខ្ញុំមិនមែនឈ្មោះរត្តបាណីទេ"
"បើអញ្ចឹង កូនឈ្មោះអី?" មេដោះសួរដោយសេចក្តីងឿងឆ្ងល់
"ខ្ញុំឈ្មោះ លីលាវតី ! " នាងឆ្លើយយ៉ាងប៉កល្វើយ" ចូរចាំខ្ញុំថាឈ្មោះ លីលាវតី ចាប់ពីពេលនេះទៅ ឲ្យហៅខ្ញុំថា លីលាវតី
កុំហៅថា រត្តបាណី ទៀត"
នៅទីបំផុត ពួកមេដោះត្រូវហៅនាងថា លីលាវតី ព្រោះសេចក្តីក្រែងចិត្ត
និងព្រោះសេចក្តីចាំបាច់ នៅពេលណាដែលគេហៅនាងថា លីលាវតី មើលកិរិយាអាការទៅនាងហាក់មានសេចក្តីពេញចិត្តនិងសេចក្តីសុខជាទីបំផុត នាងញញឹមដាក់មេដោះយ៉ាងទ្រទេសទ្រទន់
និងត្រេកអរបដិបត្តិតាមពាក្យបង្គាប់គ្រប់យ៉ាង ផ្ទុយទៅវិញ នៅពេលណាដែលគេហៅនាងថា រត្តបាណី
នាងសម្តែងសេចក្តីមិនពេញចិត្ត ទឹកមុខស្ងប់ស្ងួត មិនព្រមឆ្លើយតបជាដាច់ខាត ។
រឿងរ៉ាវដ៏ចម្លែកទាក់ទងនឹងកុលធីតាតូចរបស់ខ្លួន បានលេចឮទៅដល់ត្រចៀកលោកសេដ្ឋីជាបិតា
និងនាងព្រាហ្មណីជាមាតានៅថ្ងៃតមក ធ្វើឲ្យអ្នកទាំងពីរកើតសេចក្តីចម្លែកប្លែកចិត្តសង្ស័យ
និងចាំសង្កេតមើលកិរិយាចលនារបស់កុលធីតាយ៉ាងជិតដិត។
នៅល្ងាចថ្ងៃមួយ
ខណៈដែលរត្តបាណីកំពុងអង្គុយលើភ្លៅម្តាយខាងក្នុងបន្ទប់ល្វែងរបស់ប្រាសាទ
នាងបាននិយាយថា
"ម៉ាក់ ! ក្រុងសាវត្ថីនៅឯណា?"
"ក្រុងសាវត្ថីនៅទិសខាងជើង ឆ្ងាយពីទីនេះណាស់" នាងព្រាហ្មណីឆ្លើយតបទាំងសម្លឹងមើលធីតាតូចរបស់ខ្លួន
ដោយសេចក្តីងឿងឆ្ងល់ "កូនម៉ាក់សួរធ្វើអី?"
"លីលាវតីចង់ទៅក្រុងសាវត្ថី"
"ទៅធ្វើអី?" ម្តាយសួរដោយអាការចម្លែកចិត្ត
"ទៅលេងម៉ាក់របស់លីលាវតីហ្នឹងណៈ" កុមារីតូចឆ្លើយយ៉ាងព្រងើយ
ចម្លើយរបស់ធីតាតូចធ្វើឲ្យនាងព្រាហ្មណីកើតអាការភ្ញាក់ផ្អើលនិងឃ្នើសចិត្តយ៉ាងខ្លាំង
"ម៉េចបានជាកូននិយាយអញ្ចឹង?" ម្តាយសួរទាំងខំទប់សម្លេងឲ្យជាប្រក្រតី
"ចុះម៉ាក់របស់កូនដែលកំពុងតែអង្គុយនេះ មិនមែនទេឬ?"
"ម៉ាក់ជាម៉ាក់ថ្មីរបស់លីលាវតី
ប៉ុន្តែម៉ាក់មុននៅឯក្រុងសាវត្ថី"
ចាប់តាំងពីថ្ងៃនោះជាដើមមក រត្តបាណីខំអន្ទោកអន្ទោលម្តាយឲ្យនាំទៅក្រុងសាវត្ថី
ជារៀងរាល់ថ្ងៃ ម្តាយក៏ចេះតែបណ្តោះបណ្តៃទៅជារឿយៗថា នឹងនាំទៅនៅថ្ងៃនេះឬថ្ងៃនោះ រហូតដល់រត្តបាណីមានអាយុបាន៦ឆ្នាំ
កាន់តែចម្រើនវ័យឡើង សេចក្តីចងចាំអំពីរឿងអតីតកាលរបស់នាង កាន់តែច្បាស់ស្រឡះឡើង នាងមានអារម្មណ៍គួរណាដូចជាដេកលក់ទៅមួយស្របក់
នៅពេលភ្ញាក់ឡើងក៏ឃើញខ្លួនឯងស្ថិតនៅក្នុងបរិស្ថានចម្លែកថ្មី ទន្ទឹមនឹងនោះ ក៏កើតបំណងចង់វិលត្រឡប់ទៅកាន់ផ្ទះមុន
បរិស្ថានមុនៗ ដែលខ្លួនធ្លាប់រស់នៅអាស្រ័យ នាងអាចតំណាលរៀបរាប់រឿងរ៉ាវនិងហេតុការណ៍ក្នុងអតីតកាលឲ្យម្តាយឪពុកស្តាប់បានយ៉ាងស្ទាញស្ទាត់ប្រាកដប្រជា
រហូតដល់ធ្វើឲ្យអ្នកទាំងអស់គ្នាជឿជាក់ថា រត្តបាណីពិតជារលឹកជាតិមុនបានមែន។
……………………………
ក្នុងរដូវប្រាំងរាំងស្ងួតឆ្នាំតមក មេត្តិយសេដ្ឋីក៏សម្រេចចិត្តនាំធីតាតូចទៅកាន់ក្រុងសាវត្ថីដើម្បីពិសោធឲ្យឃើញ
ការពិតថា រឿងរ៉ាវទាំងអស់ដែលនាងបានតំណាលប្រាប់មកនោះជាការពិតឬជាមាយាដែលកើតឡើងបញ្ឆបញ្ឆោតនាងដោយទង្វើរបស់ខ្មោចព្រាយបិសាច
ម្យ៉ាងទៀត ដើម្បីនាំទំនិញសំពត់ព្រែទៅលក់ឯក្រុងសាវត្ថីម្តង ព្រោះមេត្តិយសេដ្ឋីជាដង្ខៅសំពត់ព្រែដ៏មានកេរ្តិ៍ឈ្មោះពីរោះលឿងឮនៃដែនកាសី
រាល់ៗរដូវប្រាំង លោកសេដ្ឋីតែងនាំយកសំពត់ព្រែផ្ទុករទេះដឹកទៅលក់តាមភូមិឃុំនិគមជនបទផ្សេងៗជាប្រចាំ ប៉ុន្តែពុំដែលទៅក្រុងសាវត្ថីម្តងណាឡើយ។
លុះត្រៀមរៀបចំអីវ៉ាន់រួចរាល់ហើយក្បួនរទេះដ៏វែងអន្លាយ ក៏ចាកចរបរចេញពីក្រុងពារាណសីឆ្ពោះទៅទិសខាងជើង
លោកសេដ្ឋីនិងធីតាតូចជិះក្នុងរទេះមួយដោយឡែក មិនផ្ទុកទំនិញណាៗទេ ប៉ុន្តែមានការតាក់តែងស្អិតស្អាងជាពិសេស
ដើម្បីឲ្យជាយានពាហនៈរបស់ឪពុកនិងកូនដោយចំពោះ។
បន្ទាប់ពីដំណើរដើរផ្លូវ ឈប់សំចតអស់ជាច្រើនរាត្រីមក ក្បួនរទេះរបស់លោកសេដ្ឋី
ក៏មកដល់ក្រុងសាវត្ថីដោយសុវត្ថិភាព នៅល្ងាចថ្ងៃមួយ រត្តបាណីបានចង្អុលប្រាប់បិតាឲ្យមើលព្រះអារាមបណ្តើរនិយាយចេញមកយ៉ាងរំភើបបណ្តើរថា
"នុះឯងជាព្រះជេតវនារាម ! នុះឯងជាព្រះជេតវនារាម ! "
កាលបើមេត្តិយសេដ្ឋីឃើញធីតាតូចរបស់ខ្លួន អាចប្រាប់ឈ្មោះទីកន្លែងបានដោយគ្មានអ្នកណាប្រាប់មកពីមុនដូច្នោះ
ក៏កើតអាការចម្លែកឆ្លែកចិត្តនិងជឿជាក់ថា រឿងរ៉ាវផ្សេងៗ ដែលធីតាតូចធ្លាប់តំណាលឲ្យស្តាប់
ប្រាកដជារឿងរ៉ាវពិតមែន ប៉ុន្តែមិនបានឆ្លើយតបអ្វីទេ បានត្រឹមតែអើអទៅតាមនាងប៉ុណ្ណោះ
។
បន្ទាប់ពីសម្តែងអាការរំភើបត្រេកអរមួយស្របក់មក
រត្តបាណីក៏និយាយចេញមកយ៉ាងស្រងេះស្រងោចថា
"ព្រះជេតវនារាម ព្រះរេវត្តៈធ្លាប់គង់នៅទីនោះ ចុះពេលនេះលោកបងរេវត្តៈគង់នៅឯណា?" និយាយហើយនាងសម្លឹងមើលព្រះជេតវនារាមដោយទឹកភ្នែករលីងរលោង។
"រត្តបាណី! កូនកើតអីហ្នឹង?" លោកសេដ្ឋីសួរធីតាតូចដោយសេចក្តីស្លន់ចិត្ត
ដែលឃើញនាងប្រែពីរំភើបត្រេកអរទៅជាយំខ្សឹកខ្សួល
"លីលាវតីនឹកដល់លោកបងរេវត្តៈ " នាងឆ្លើយត្រង់ៗ តាមនិស្ស័យក្មេង
"ចុះរេវត្តៈហ្នឹងជានរណា?" បិតាសួរដោយសេចក្តីងឿងឆ្ងល់
"រេវត្តៈជាគូស្នេហ៍របស់លីលាវតី គេធ្លាប់គង់នៅឯព្រះជេតវនារាមនេះ"
រត្តបាណីឆ្លើយតបទាំងមានទឹកភ្នែកហូររហាមជោកក្រពុំផ្ទាល់ នាងអង្គុយស្ងៀម ស្រមៀនយ៉ាងយូរ
បិតាសម្លឹងឃើញកិរិយាចម្លែករបស់ធីតាតូច ដោយសោកសង្រេងចិត្តពន់ពេក។
មួយស្របក់ធំកន្លងទៅ
រត្តបាណីទើបនិយាយឡើងដោយសូរសម្លេងនិងអាការរំភើបថា
"លីលាវតីនឹកឃើញហើយ ! នឹកឃើញហើយ !
លោកបងរេវត្តៈគង់នៅឯក្រុងរាជគ្រឹះ រាជធានីនៃមគធរដ្ឋ"
នាងងាកទៅបិតាហើយសួរយ៉ាងប្រញាប់ប្រញាល់ថា
"លោកប៉ា ! ក្រុងរាជគ្រឹះនៅឯណា? ឆ្ងាយណាស់មែនទេ?"
"នៅក្នងមគធរដ្ឋ" លោកសេដ្ឋីឆ្លើយតបហាក់នឹងថា ងេង ងោងស្រឡាំងកាំង "ឆ្ងាយពីទីនេះខ្លាំងណាស់ កូនសម្លាញ់!
ឆ្ងាយណាស់ ជួនកាលក្នុងជាតិនេះ ប៉ាប្រហែលជាគ្មានឱកាសបានទៅឃើញក្រុងរាជគ្រឹះនេះទេ"
បន្ទាប់ពីនោះមក រត្តបាណីក៏ទៅជាស្ងប់ស្ងៀមយ៉ាងចម្លែក មិននិយាយស្តីអ្វីទៀត
គ្រាន់តែយំសសឹកតិចៗ ម្តងម្កាល
នៅទីបំផុត ក្បួនរទេះដ៏វែងអន្លាយនោះ ក៏បរឆ្លងកាត់ផុតព្រះជេតវនារាមមកដល់ទ្វារក្រុងសាវត្ថី
ដោយពាក្យបង្គាប់បញ្ជារបស់លោកសេដ្ឋី ក្បួនរទេះទាំងអស់ក៏ឈប់ចតបោះជំរំសម្រាក នៅកណ្តាលវាលស្រែក្បែរទ្វារក្រុងសាវត្ថីនោះឯង
ព្រោះសង្កេតឃើញថាជាកន្លែងសមរម្យ ងាយស្រួលក្នុងការស្វែងរកស្មៅនិងទឹកឲ្យគោ
ពួកឈ្មួញដង្ខៅបានចតរទេះដោយបែរមុខទៅរកគ្នា
ជារង្វង់មូលធំល្វឹង ឲ្យហ្វូងគោនៅខាងក្នុង ហើយក៏រៀបរបដណ្តាំអាហារទទួលទាន ព្រោះថាខណៈនោះជាថ្ងៃល្ងាចណាស់ទៅហើយ។
.........................................................................
រឿងនាងលីលាវតីវគ្គត្រង់កុមារីរលឹកជាតិ
ចុះផ្សាយដោយ៖ គេហទំព័រពុទ្ធសាសនា
No comments:
Post a Comment