Friday, July 01, 2016

១៤.សិស្សឯកលោកសញ្ជ័យ


ឯក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋ បន្ទាប់ពីបង្រ្កាបប្រាបប្រាមពួកនិគ្រន្ថបានក្នុងវិប្រតិការហើយ កិត្តិយស​ឈ្មោះ​ សម្លេងរបស់ព្រះរេវត្តត្ថេរក៏ល្បឺរន្ទឺឮខ្ចរខ្ចាយទៅពាសពេញរាជធានីនិងតាមភូមិ ឃុំ និគម ជនបទក្បែរ​ខាង ញ៉ាំងសេចក្តីច្រណែននិន្ទាឈ្នានីសនិងអាឃាតព្យាបាទ​ឲ្យកើតដល់ពួកអ្នកបួសក្រៅព្រះពុទ្ធសាសនា ​ជាច្រើនពួក ក្នុងចំណោមអ្នកបួសទាំងនោះ សាស្តាសញ្ជ័យវេលដ្ឋបុត្រដែលធ្លាប់ជាគ្រូរបស់ព្រះសារីបុត្រ និង ព្រះមោគ្គល្លាន មើលទៅហាក់ដូចជាមានសេចក្តីច្រណែនឫស្សាច្រើនជាងសាស្តាដទៃពីព្រោះថា លោក​មាន​កំហឹងកំហល់តាំងពីដំបូងម្លេះ ដែលលោកត្រូវបាត់បង់សាវ័ក សំខាន់ ២ អង្គឲ្យដល់ព្រះ​សមណគោតម  ប៉ុន្តែ​បុញ្ញាធិការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ធំធេងជាងលោកច្រើនណាស់ លោកទើបទប់សង្កត់ចិត្តស្ថិតនៅ​ក្នុងសន្តាការរហូតមក  រហូតមកដល់ឥឡូវនេះ ហេតុការណ៍សោកាបានកើតឡើងដល់ព្រះពុទ្ធសាសនាហើយ ព្រោះទង្វើរបស់ព្រះទេវទត្ត ធ្វើឲ្យស្ថានភាពរបស់ព្រះពុទ្ធសាសនាក្នុងដែនមគធៈញាប់ញ័ររញ្ជួយ លោក​សញ្ជ័យ​ទើបឆក់ឱកាសសមគួរនេះ ជម្រះបញ្ជីគំនុំសត្រូវចាស់នេះម្តង ដំណឹងបរាជ័យរបស់ពួកនិគ្រន្ថចំពោះ​ ភិក្ខុសាវ័ករបស់ព្រះសមណគោតម ប្រៀបដូចជាប្រេងដែលបាចផ្សាចទៅលើគំនរភ្លើងនៃគំនុំរបស់លោក លោកស្ទើរតែប្រកាសតស៊ូសម្តីថ្វីមាត់ជាមួយនឹងព្រះរេវត្តៈដោយខ្លួនឯង ប៉ុន្តែត្រូវពួកសាវ័កហាមឃាត់ 

"កុំឡើយ ! លោកគ្រូ ! លោកគ្រូឋានៈដល់ទៅសាស្តាមេលទ្ធិ មានឋានៈនិងកិត្តិយសស្មើនឹងព្រះសមណគោតម គ្រប់យ៉ាង លោកគ្រួគួរតែតស៊ូសម្តីជាមួយនឹងព្រះសមណគោតមទើបត្រឹមត្រូវ បើលោកគ្រូបន្ទួន់បន្ទាប​ កិត្តិយសទៅតស៊ូសម្តីជាមួយនឹងសាវ័កតូចតាចរបស់ព្រះសមណគោតម ស្មើនឹងព្រមយកមាសទៅដូរយក​ស្ពាន់ដែលមិនសមគ្នាឡើយ ម្យ៉ាងទៀត ឥឡូវនេះ លោកគ្រូក៏ស្ថិតនៅក្នុងវ័យជរាភាពហើយ សូមកុំលំបាក​ទៅតស៊ូ​សម្តីជាមួយនឹងមនុស្សកម្លោះឡើយ  សូមឲ្យជាកាតព្វកិច្ចរបស់ពួកសិស្សរបស់លោកគ្រូចុះ" 
សាស្តាសញ្ជ័យយល់ស្រប នឹងសម្នើរបស់សិស្សភ្លាម ព្រោះតាមសភាពពិត លោកក៏នឹកខ្លាចញញើតចំពោះ​សម្តី​ថ្វី​មាត់របស់ព្រះរេវត្តៈខ្លះដែរ ព្រោះការដែលភិក្ខុរូបនេះអាចយកឈ្នះ​វីរសីហៈនិងតិត្ថបាលសាវ័កកំពូល​ឆ្នើម​ របស់ព្រះមហាវីរៈបាន សម្តែងឲ្យឃើញថា គេមានប្រពលភាពក្លៀវក្លាក្នុងព្យត្តវោហារអភិប្រាយមែន បើលោក​សញ្ជ័យទៅតស៊ូសម្តីដោយខ្លួនឯង ជួនកាលអាចចាលចាញ់ក៏បាន ហើយប្រសិនបើលោកចាញចាញ់ នឹងជា​ការនាំយកហាយនភាពមកកាន់គណៈទាំងស្រុង ព្រោះថាឋានៈ​ដល់ទៅ​ សាស្តាមេលទ្ធិហើយក៏នៅចាលចាញ់ចំពោះសាវ័កតូចតាចរបស់ព្រះសមណគោតមបាន លទ្ធិរបស់លោកនឹងដល់អវសានកាលយ៉ាងពិតប្រាកដ ប៉ុន្តែបើលោកប្រើឲ្យសាវ័កណាមួយទៅតស៊ូ​សម្តីជំនួស  ទោះបីចាញ់ក៏មិនប៉ះទង្គិចដល់គណៈដែរ គិតឃើញដូច្នេះហើយ លោកក៏បញ្ជាឲ្យប្រជុំសាវ័ក ជ្រើសរើសអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងសាវ័ករបស់ព្រះសមណគោតម ។   
បន្ទាប់ពីពិចារណាជ្រើសរើសយ៉ាងផ្ចិតផ្ចង់​​​ អស់ពេលជាយូរមក សម្លេងភាគច្រើនក៏យល់ស្របឲ្យសាវ័កកម្លោះ ១ រូប​ ឈ្មោះថា សុរមេធ ជាអ្នកតំណាងចូលទៅតស៊ូមតិជាមួយនឹងភាគីពុទ្ធបរិស័ទ សុរមេធជាបុត្ររបស់​ព្រាហ្មណ៍មហាសាលម្នាក់ក្នុងក្រុងរាជគ្រឹះ បញ្ចប់ការសិក្សាមកពីសម្នាក់អាចារ្យទិសាបាមោក្ខនៃក្រុង​តក្កសិលា ក្រោយពីត្រឡប់មកពីក្រុងតក្កសិលាដល់ស្រុកកំណើតវិញ គេចាប់ចិត្តដិតអារម្មណ៍ក្នុងការ​សិក្សា​លទ្ធិសាសនាផ្សេង ៗអស់ពេលជាយូរ ប៉ុន្តែមិនពេញចិត្តចំពោះលទ្ធិសាសនាណានីមួយទេ ចំណេរកាលតមក គេបានស្គាល់លទ្ធិសាសនារបស់សញ្ជ័យនិងពេញចិត្តជាខ្លាំង ទើបសុខចិត្តប្រគល់កាយថ្វាយខ្លួនជាសិស្ស ពហុស្សុតភាពនិងព្យត្តភាពក្លៀវក្លាក្នុងសម្តីវោហាររបស់គេ ធ្វើឲ្យគេក្លាយជាសាវ័កឆ្នើមរបស់លោកសញ្ជ័យ និងជាទីគោរពកោតក្រែងយ៉ាងខ្ពស់ខ្ពស់របស់សាវ័កទូទៅសូម្បីបើគេនៅមានអាយុតិចក៏ដោយ ។
កាលបើជ្រើសរើសអ្នកតំណាង ដែលសមរម្យបានហើយ  លោកសញ្ជ័យវេលដ្ឋបុត្រក៏បញ្ជូនទូតមកចរចា បបួលតស៊ូមតិជាមួយនឹងព្រះរេវត្តៈភ្លាម ចំណែកខាងព្រះរេវត្តៈនិងពុទ្ធបរិស័ទដែលជ្រាបដំណឹងមកពី​មុន​ ហើយក៏យល់ព្រមទទួលភ្លាម ប៉ុន្តែមានលក្ខខណ្ឌថា សូមឲ្យភាគីសញ្ជ័យមកតស៊ូសម្តីឯព្រះវេឡុវនារាម ភាគីសញ្ជ័យក៏មិនជំទាស់នឹងសម្នើនេះដែរ ព្រោះជឿជាក់ចំពោះសតិបញ្ញារបស់អ្នកតំណាងខាងខ្លួនថា តស៊ូមតិនៅទីកន្លែងណាក៏អាចយកជ័យជម្នះបានដែរ នៅពេលយល់ព្រមថ្ងៃវេលាតស៊ូមតិគ្នាហើយ ក៏​មាន​ការ​វាយស្គរស្រែកប្រកាសទូទាំងក្រុងរាជគ្រឹះថា សុរមេធអ្នកតំណាងភាគីសញ្ជ័យនឹងតស៊ូមតិជាមួយនឹងព្រះរេវត្តៈ អ្នកតំណាងភាគីពុទ្ធបរិស័ទឯព្រះវេឡុវនារាមក្នុងថ្ងៃនោះ វេលានោះ ប្រជាជនបានស្តាប់ឮសេចក្តីប្រកាសនោះ ហើយក៏រំភើបអ៊ូអរ រង់ចាំថ្ងៃតស៊ូសម្តីដោយសេចក្តីអន្ទះសាខ្វារក ។ 
នៅទីបំផុត ថ្ងៃដ៏សម្លាក់សំខាន់នោះក៏មកដល់ ធម្មសាលាដ៏ធំល្វឹងល្វើយរបស់ព្រះវេឡុវនារាមត្រូវណែនណាន់ តាន់តាប់ដោយអ្នកបួសគ្រប់លទ្ធិសាសនានិងប្រជាជនគ្រប់វណ្ណៈ ដែលហៀរកកកុញទៅអង្គុយតាមម្លប់ឈើ​ជុំវិញធម្មសាលាជាច្រើនទៀត ។
លុះដល់ពេលវេលាហើយ ព្រះរេវត្តត្ថេរៈក៏ឈានឡើងកាន់ធម្មាសនៈប្រឈមមុខនឹងកម្លោះសុរមេធ ដោយការ​យល់ព្រមរបស់ភាគីទាំងសងខាង ទេវមិត្តឧបាសកបានធ្វើមុខងារជាប្រធានក្នុងការតស៊ូសម្តីនៅថ្ងៃនោះ ប៉ុន្តែកតិកាផ្សេង ៗរក្សាទុកជាសណ្តាប់ដូចដែលធ្លាប់ធ្វើមកហើយក្នុងគ្រាដែលតស៊ូសម្តីជាមួយនឹងពួកនិគ្រន្ថ ក្នុងឋានៈព្រះរេវត្តៈជាម្ចាស់ទីកន្លែង ទើបបានទទួលកិត្តិយសឲ្យជាអ្នកចោទសួរសំណួរមុន ។ 
"សុរមេធអ្នកមានអាយុ!" ព្រះថេរៈមានថេរដីកាឡើងបន្ទាប់ពីប្រធានពោលណែនាំខ្លួនចប់ហើយ "ជាបឋម ខ្ញុំកូរណាសូមសារភាពចំពោះលោកតាមសេចក្តីពិតថា ខ្ញុំកូរណាមានចំណេះដឹងអំពីលទ្ធិរបស់លោក​តិច​ណាស់ ហេតុនោះ ការតស៊ូសម្តីនៅថ្ងៃនេះទើបជាឱកាសល្អដែលខ្ញុំរៀនសូធ្យអំពីលទ្ធិរបស់លោកផង តាមដែលខ្ញុំកូរណាបានស្តាប់ឮមកដឹងថា លទ្ធិរបស់លោកជា អញេយ្យវាទ គឺ ប្រកាន់ថា សេចក្តីពិតជាអ្វីដែលមនុស្សមិនអាចដឹងបាន មែនទេ?" 
"មែន លោកម្ចាស់ ! " សុរមេធឆ្លើយតប "សេចក្តីពិតជាអ្វីដែលមនុស្សមិនអាចដឹងបានទេ អ្វីដែល​មនុស្សដឹង​បានមិនមែនជាសេចក្តីពិតទេ លោកល្មមយល់ខ្លះទេ?" 
"ខ្ញុំកូរណាមិនយល់ទេ" ព្រះថេរៈឆ្លើយតប "គិតថា លទ្ធិរបស់លោកមានអាថ៌សេចក្តីល្អិតល្អន់ណាស់ និង​ខុស​ប្លែក​ពីលទ្ធិដទៃស្ទើរតែផ្ទុយគ្នាស្រឡះ ព្រោះលទ្ធិដទៃប្រកាន់ថា សេចក្តីពិតជាអ្វីដែលមនុស្សអាច​ដឹងបាន" 
"ប្រពៃណាស់ លោកម្ចាស់ ! "សុរមេធនិយាយនិងញញឹមដោយសេចក្តីសង្ឃឹម "សូម្បីតែសាសនារបស់​លោកម្ចាស់ក៏ចាត់ទុកថា សេចក្តីពិតជាអ្វីដែលមនុស្សអាចដឹងបានមែនទេ?" 
"មែន" ព្រះថេរៈឆ្លើយតប "ហើយយើងប្រកាន់ថា ការដឹងសេចក្តីពិតជាគោលសំខាន់បំផុតក្នុងសាសនា​របស់យើង" 
"ខ្ញុំកណាចង់ឲ្យលោកអះអាងសេចក្តីពិតណាមួយ ដែលលោកជឿជាក់ពិតប្រាកដដល់ខ្ញុំកណា សូមលើក​ឧទាហរណ៍សេចក្តីពិតងាយស្រួលណាមួយដែលអ្នកផងល្មមយល់បាន" 
ព្រះថេរៈអង្គុយទ្រឹងគិតជញ្ចឹងមួយស្របក់ ហើយចាប់យកជាយចីពររបស់ខ្លួនឡើងមកបង្ហាញនៅចំពោះមុខ ហើយសួរថា 
"លោកអ្នកមានអាយុ ! ​តើសំពត់នេះពណ៌អ្វី?" 
"សំពត់នោះពណ៌អ្វីពិតប្រាកដខ្ញុំកណាមិនដឹងទេ "សុរមេធឆ្លើយតបយ៉ាងម៉ិតប្រាយតាមលទ្ធិរបស់ខ្លួនយ៉ាង​ប្រិត​​​ប្រៀង "គ្មានផ្លូវណាដែលខ្ញុំកណាដឹងបានថា ពណ៌ពិតប្រាកដរបស់សំពត់នោះ គឺ អ្វីទេ" 
ចម្លើយដ៏ប្រកបដោយកលល្បិចរបស់គេ ធ្វើឲ្យពួកសាវ័កសញ្ជ័យពេញចិត្តជាខ្លាំង ប៉ុន្តែនៅពេលជាមួយគ្នានោះ ក៏ធ្វើឲ្យពុទ្ធបរិស័ទកើតអាការស្អុះស្អាប់រសាប់រសល់ចិត្តយ៉ាងខ្លាំង គិតថា សុរមេធនេះជាអ្នកប៉ិនសម្តីថ្វីមាត់ ប្រកបដោយល្បិចស្នៀតដែលមិនងាយនឹងយកឈ្នះបានទេ 
"លោកឆ្លើយតបបានល្អណាស់ សុរមេធ!" ព្រះថេរៈពោលសរសើរ "ណ្ហើយចុះ ទោះបីលោកមិនដឹងថា ពណ៌​ពិត​ប្រាកដរបស់សំពត់នោះ គឺ អ្វីក៏ដោយ ខ្ញុំកូរណាក៏ជឿថា លោកប្រាកដជាឃើញសំពត់នេះមិនខាន ព្រោះ​លោកមានភ្នែកល្អទាំងគូទោះពណ៌របស់សំពត់នេះជាអ្វីក៏ដោយ មុខជាប្រាកដដល់ក្រសែភ្នែករបស់លោក​យ៉ាងពិតប្រាកដ ខ្ញុំកូរណាមិនចង់ដឹងពណ៌ពិតប្រាកដរបស់សំពត់នេះទេ ប៉ុន្តែគ្រាន់តែចង់ដឹងឈ្មោះ​របស់​ ពណ៌តាមដែលប្រាកដដល់ក្រសែភ្នែករបស់លោកនៅពេលនេះប៉ុណ្ណោះ ប៉ុន្តែណ្ហើយចុះ ! បើលោកមិនចង់​ឆ្លើយតបទេ ខ្ញុំកូរណាសូមសាកសួរអ្នកដទៃលមើលសិន" ព្រះថេរៈលើកជាយចីពរទៅកាន់ប្រជាជនអ្នកស្តាប់ ហើយសួរថា 
"ពណ៌តាមដែលប្រាកដដល់ក្រសែភ្នែករបស់លោក នៅពេលនេះ គឺ ពណ៌អ្វី?" 
"ពណ៌លឿងស្លាទុំ" ឧបាសកពីរបីនាក់ឆ្លើយតបឡើងព្រមគ្នា 
ព្រះថេរៈបានងាកទៅខាងសុរមេធហើយ សួរឡើងដោយសំណួរដូចគ្នានេះថា 
"ពណ៌តាមដែលប្រាកដដល់ក្រសែភ្នែករបស់លោក នៅពេលនេះ គឺ ពណ៌អ្វី?"
"ខ្ញុំកណាមិនដឹងទេ" សុរមេធឆ្លើយអះអាងដូចដើមដដែល "ទោះបីអ្នកដទៃឆ្លើយតបថា ពណ៌លឿងស្លាទុំ ក៏ដោយ ក៏គ្រាន់តែជាទស្សនៈយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ បើលោកយកឲ្យអ្នកដទៃមើល អាចមានអ្នកខ្លះ​ឃើញជាពណ៌ខ្មៅ ពណ៌ក្រហម ពណ៌លឿងសុទ្ធនិងពណ៌ដទៃទៀតក៏បាន បើលោកយកឲ្យសេះមើល សេះអាចឃើញជាពណ៌ផ្សេង ក្របីអាចឃើញជាពណ៌ផ្សេង គោអាចឃើញជាពណ៌ផ្សេង ពពែអាចឃើញ​ជាពណ៌ផ្សេង កាលបើដូច្នេះ គ្មានអ្នកណាដឹងបានថា ពណ៌ពិតប្រាកដរបស់វា គឺ​ អ្វីទេ ព្រោះហេតុនោះ​បាន​ជាខ្ញុំកណា​ឆ្លើយ​ប្រាប់លោកថា មិនដឹងទេ"  
ចម្លើយឆ្លើយតបដ៏ប្រាជ្ញប្រាយ ប្រកបដោយសេចក្តីប្រុងប្រយ័ត្នខ្ពស់របស់សុរមេធដល់ថ្នាក់ធ្វើឲ្យព្រះរេវត្តត្ថេរ ​ភីងភាំងស្រឡាំងកាំងភ្លាម ព្រះថេរៈចាប់ផ្តើមមើលឃើញថា សុរមេធជាគូតស៊ូដែលមិនងាយយកឈ្នះបានដូច​យ៉ាងពួកនិគ្រន្ថទេ ព្រះថេរៈគិតថា ជួនកាលឧទាហរណ៍ជាយចីពរដែលលោកលើកយកមកចោទសួរនោះ​អាចជា​ឧទាហរណ៍​មិនសម មានចន្លោះប្រហោងសម្រាប់ឲ្យគូតស៊ូគេចវេះបាន ដូច្នេះ ដើម្បីឲ្យឧទាហរ- ណ៍រឹតរឹងសម្រាប់ចងឆ្វាក់ប្រទាក់គូតស៊ូឲ្យតឹងរឹងឡើង ព្រះថេរៈទើបសួរថា 
"លោកសុរមេធ ! ការដែលលោកបដិសេធថា មិនស្គាល់ពណ៌របស់ជាយចីពរនោះ ចាត់ទុកថាត្រឹមត្រូវហើយ ប៉ុន្តែលោកមុខជានឹងទទួលស្គាល់ថា មានបុរសឈ្មោះសុរមេធជាសាវ័កល្បីឈ្មោះរបស់សញ្ជ័យទាំងពេលនេះ​ កំពុងតែអង្គុយលើធម្មាសនៈនិងសន្ទនាជាមួយនឹងខ្ញុំកូរណា តើលោកហ៊ានបដិសេធខ្លួនឯងឬទេ?" 
"ខ្ញុំកណាមិនបដិសេធប៉ុន្តែក៏មិនទទួល ខ្ញុំកណាមិនដឹងថាខ្លួនឯងមានឬមិនមានទេ ! " ចម្លើយឆ្លើយតបរបស់​សុរមេធធ្វើឲ្យប្រជាជនសើចគឹលឡើងដោយរន្តិភាព ប៉ុន្តែក៏មានប្រជាជនខ្លះ ដែលមិនពេញចិត្តចំពោះចម្លើយ​របស់គេដែរ ព្រោះយល់ឃើញថា គេលេងសម្តីដើម្បីដឹកនាំឲ្យគូតស៊ូច្រឡោតច្រើនជាងនឹងត្រូវការសន្ទនាឆ្លើយ​តបគ្នាយ៉ាងមានសារៈសំខាន់ ។
"សរុបសេចក្តីថា លោកមិនដឹងថា ខ្លួនលោកគឺជាអ្នកណា?" ព្រះថេរៈសង្កត់សួរម្តងទៀត
"ខ្ញុំកណាមិនដឹងថា ខ្ញុំកណានេះជាអ្វីឲ្យពិតប្រាកដទេ សម្រាប់មនុស្សដទៃ ខ្ញុំកណាអាចជាយុវជន ឈ្មោះថា សុរមេធ ជាសាវ័ករបស់សាស្តាសញ្ជ័យ ប៉ុន្តែសម្រាប់អ្នកផ្សេងៗទៀត ឬ សត្វដទៃទៀត អាចមើលឃើញ​ខ្ញុំ​កណានេះ​ជាអ្វីដទៃផ្សេងទៀតក៏បាន ហេតុនេះបានជាខ្ញុំកណាមិនដឹងថា ខ្លួនខ្ញុំកណានេះជាអ្វីឲ្យពិតប្រាកដ​ទេ កាលពីខ្ញុំកណានៅក្មេង ខ្ញុំកណាធ្លាប់ដេកយល់សប្តិថា ខ្ញុំកណានេះជាបក្សីទំលើដើមឈើ ហើរឆ្វាត់ឆ្វែលទៅ​មក​ឭដ៏អាកាស ជាមួយនឹងបក្សាបក្សីដទៃទៀតយ៉ាងសុខក្សេមក្សាន្ត ចឹកស៊ីផ្លែឈើលើដើមឈើ និងស្រែក​ច្រៀងយ៉ាងសប្បាយរីករាយ នៅពេលនោះ ខ្ញុំកណាគ្មានធ្យានគំនិតគិតបន្តិចថា ខ្លួនខ្ញុំកណានេះជាមនុស្សទេ លុះខ្ញុំកណាភ្ញាក់ដឹងខ្លួនឡើង ទើបមិនដឹងថា ខ្លួនឯងជាអ្វីឲ្យពិតប្រាកដទេ អាចជាបក្សីដែលកំពុងតែយល់សប្តិ ថាខ្លួនឯងជាមនុស្សក៏បាន"
បដិវាទនិងឧបមាកថា ដ៏ស្រួចស្រាល់របស់សុរមេធធ្វើឲ្យប្រជាជនទះដៃ ស្ងើចសរសើរឮទ្រហឹងអឺងកងពេញទាំងអារាម ពួកសាវ័ករបស់សញ្ជ័យម្នាក់ៗ ងាកទៅសម្លឹងមើលមុខគ្នាយ៉ាងញញឹមញញែមដោយ​សេចក្តី​សង្ឃឹម ផ្ទុយស្រឡះនឹងពុទ្ធបរិ ស័ទដែលសម្លឹងមើលអ្នកតំណាងខាងខ្លួនដោយទឹកមុខសម្តែងកង្វល់ខ្វល់​ព្រួយយ៉ាងខ្លាំង ។ 


No comments:

Post a Comment