Sunday, July 10, 2016

១៥.អញេយ្យវាទី


"លោកសុរមេធ!" ព្រះថេរៈមានថេរដីកាឡើងបន្ទាប់ពីអង្គុយគិតរកវិធីចងរឹតគូតស៊ូឲ្យជាប់ក្នុងដៃ​ អស់ពេល​យូរបង្គួរ "តាមដែលខ្ញុំកូរណាស្តាប់លោកមកល្មម ចាប់សេចក្តីបានថា លោកមិនព្រមជឿថា មនុស្សយើងអាច​ដឹង​សេចក្តីពិតបានទេ ទោះបីឃើញដោយភ្នែកខ្លួនឯងក៏ដោយ លោកនៅតែមិនជឿថា ភ្នែករបស់លោក​អាច​រាយ​ការសេចក្តីពិតឲ្យលោកដឹងបានទេ អញ្ចឹងមែនទេ?"
"ត្រឹមត្រូវហើយ លោកម្ចាស់ ! " សុរមេធឆ្លើយ​ "មិនត្រឹមតែភ្នែកប៉ុណ្ណោះទេ ដែលខ្ញុំកណាមិនជឿ សូម្បីតែ​សម្លេងដែលត្រចៀកបានឮ ក្លិនដែលច្រមុះបានធុំ រសដែលអណ្តាតបានភ្លក់ ផស្សៈដែលកាយពាល់ត្រូវ និងអារម្មណ៍ដែលចិត្តគិត ខ្ញុំកណាក៏មិនជឿដែរ ​ខ្ញុំកណាចាត់ទុកថា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នៅជាអាយតនៈដែលមិនគួរឲ្យជឿទុកចិត្តបាន ព្រោះជួនកាលអាយតនៈទាំងនេះរាយការខុសៗ ឲ្យយើងដឹង ឧទាហរណ៍ដូចជា បើលោកទៅឈរត្រង់កណ្តាលថ្នល់វែងអន្លាយនៃក្រុងរាជគ្រឹះ លោកនឹងមើលឃើញថា ថ្នល់ត្រង់កន្លែងដែលលោកឈរនោះធំល្វឹង ប៉ុន្តែនៅពេលដែលលោកសម្លឹងមើលតាមបណ្តោយថ្នល់ទៅ​ខាង​មុខ លោកនឹងឃើញថា ថ្នល់ស្តួចទៅៗ រហូតដល់ទាំងសងខាងថ្នល់ប្រសព្វមុខគ្នា មើលទៅជាថ្នល់បិទជិត តើលោកជឿទេថាថ្នល់ទៅជាយ៉ាងនោះពិតតាមដែលលោកឃើញដោយភ្នែកឬទេ?" 

"ខ្ញុំកូរណាមិនជឿទេ "ព្រះថេរៈឆ្លើយតបទាំងនឹកស្ងើចសេចក្តីប្រៀបធៀបដ៏ឈ្លាសវៃរបស់គូតស៊ូ 
"ត្រឹមត្រូវហើយ លោកម្ចាស់ ! តាមសភាពពិត ថ្នល់នៅមានទំហំស្មើគ្នាដដែលទាំងត្រង់កន្លែងដែលលោកឈរ ទាំងត្រង់កន្លែងចុងថ្នល់ មិនបានស្តួចចុះរហូតដល់ទាំងសងខាងប្រទល់គ្នាជាចុងថ្នល់តាន់ដូចដែលភ្នែក​របស់​ លោករាយការឲ្យដឹងនោះទេ ព្រោះថាបើថ្នល់ទៅជាសភាពដូចដែលភ្នែករបស់លោករាយការឲ្យដឹងនោះ ថ្នល់នោះប្រហែលជាប្រើការអ្វីមិនបានទេ លើសពីនោះទៀត ផ្ទះសម្បែងទាំងសងខាងថ្នល់ដែលស្ថិតនៅក្បែរៗ លោកមើលទៅធំមហិមាទាំងល្វឹងល្វើយជាប្រ ក្រតី ប៉ុន្តែបើឃ្លាតឆ្ងាយចេញទៅ ផ្ទះសម្បែងក៏មើលទៅតូចទៅ ៗរហូតដល់ជាប់នឹងផ្ទៃដី ប្រសិនបើផ្ទះសម្បែងតូចល្អិតពិតដូចដែលលោកឃើញមែន ផ្ទះទាំងនោះ​ក៏គ្មាន​ប្រយោជន៍អ្វីដែរ មនុស្សមិនអាចអាស្រ័យនៅក្នុងផ្ទះនោះបានទេ ប៉ុន្តែតាមសភាពពិត ផ្ទះទាំងនោះមានទំហំ​ប៉ុននឹងផ្ទះដែលតាំងនៅក្បែរ ៗលោកនេះឯង បពិត្រលោកម្ចាស់ ! កាលបើដូច្នេះ តើលោកជឿបានដូចម្តេច​ថា ភ្នែករបស់លោករាយការសេចក្តីពិតឲ្យលោកដឹង? កាលបើភ្នែកជា​អាយតនៈ​ដែលមិនគួរឲ្យទុក​ចិត្តបាន​យ៉ាងនេះ តើនឹងជឿត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តដូចម្តេចទៅ?" 
…………………………………
ព្រះថេរៈមើលឃើញថា          សុរមេធជាអ្នកជឿជាក់ក្នុងទស្សនៈរបស់ខ្លួន ព្រោះមានវិធីពន្យល់ដោយឧបមា​ឧបមេយ្យដ៏ឈ្លាសវៃ អាចដឹកនាំឲ្យមនុស្សមនាយល់ស្របតាមបានយ៉ាងល្អ បើនៅតែបណ្តោយពេលឲ្យគេ​ពន្យល់វែងឆ្ងាយតទៅទៀត លោកអាចនឹងជាភាគីចាញ់ប្រៀបក៏បាន បើដូច្នេះមានតែច្បិចយកពាក្យអធិប្បាយ​របស់​គូតស៊ូហ្នឹងឯង មកជាគ្រឿងចងឆ្វាក់ប្រទាក់គេឲ្យតុញទាល់ ព្រោះថាតាមដែលគេពន្យល់មក ប្រាកដ​ឃើញ​ថា គេបានបន្សល់ទុកនូវច្រឡោះប្រហោងល្មមជាគ្រឿងចូលវាយលុកបាន ព្រះថេរៈទើបមានថេរដីកាថា 
"លោកសុរមេធអ្នកមានអាយុ ! ពាក្យអធិប្បាយព្រមទាំងឧបមាឧបមេយ្យរបស់លោក ធ្វើឲ្យខ្ញុំកូរណាយល់​ទស្សនៈ​របស់​លោកបានយ៉ាងជាក់ច្បាស់ អម្បាញ់មិញនេះ លោកបានពន្យល់ថា លោកមិនជឿភ្នែករបស់​លោកទេ ព្រោះភ្នែករបស់លោកមិនរាយការសេចក្តីពិតឲ្យលោកដឹង ឧទាហរណ៍ដូចជា ថ្នល់វែងអន្លាយដែល​មានទំហំស្មើគ្នារហូត មើលទៅធំល្វឹងចំពោះតែត្រង់កន្លែងដែលកំពុងតែឈរ ប៉ុន្តែមើលចេញទៅស្តួចទៅៗ រហូតដល់ទាំងសងខាងប្រសព្វមុខគ្នាក្នុងរយៈឆ្ងាយចេញទៅ រូបភាពដែលលោកមើលឃើញនោះជារូបភាព​បញ្ឆ បញ្ឆោត មិនមែនជារបស់ពិតទេ មែនទេ?" 
"មែន លោកម្ចាស់ ! "សុរមេធអះអាង "ខ្ញុំកណាបានពន្យល់រួចហើយ" 
"ប៉ុន្តែមានសេចក្តីពិតថា ចុងទាំងសងខាងរបស់ថ្នល់នោះមានទំហំស្មើគ្នា មែនទេ?"
"មែន" សុរមេធឆ្លើយតបដោយកិរិយាអាការនិងសូរសម្លេងសម្តែងកង្វល់ខ្វល់ចិត្ត 
"តើលោកដឹងបានដូចម្តេចថា  ថ្នល់នោះមានទំហំស្មើគ្នារហូត?" 
"ខ្ញុំកណាអាចពិសោធបាន ដោយការដើរទៅតាមថ្នល់នោះរហូតរយៈផ្លូវ នៅពេលដើរទៅដល់ចុងផុតផ្លូវហើយ ខ្ញុំកណានិងអ្នកទាំងអស់គ្នានឹងឃើញថា ចុងថ្នល់មានទំហំស្មើនឹងដើមថ្នល់ មិនបានស្តួចទៅដូចយ៉ាងភ្នែករាយ​ការឲ្យដឹងនោះទេ"
"ណ្ហើយចុះ ! លោកអ្នកមានអាយុ ! " ព្រះថេរៈមានថេរដីកាឡើងយ៉ាងម៉ឺងម៉ាត់ដោយសេចក្តីសង្ឃឹម 
"ខ្ញុំកូរណាត្រូវការឲ្យលោកអះអាងម្តងទៀតថា រូបភាពដើមថ្នល់ធំល្វឹង ចុងថ្នល់ស្តួចរៀវរហូត​ដល់ជាប់គ្នា​តាម​ដែលភ្នែករបស់លោកឃើញនោះជារូប​ភាពបញ្ឆោត មិនមែនជារបស់ពិតទេ ប៉ុន្តែមានសេចក្តីពិតថា ថ្នល់​មាន​ទំហំស្មើគ្នារហូត មែនទេ?"
"​មែន" សុរមេធអះអាងម្តងទៀត
"អស់លោកសាធុជនទាំងឡាយ!" ព្រះថេរៈបែរទៅប្រកាសដល់ប្រជាជនអ្នកស្តាប់ "សូមជួយចាំពាក្យ​អះ​អាង​របស់សុរមេធផង ដើម្បីជាសាក្សីដល់ខ្ញុំកូរណាអាត្មា លោកសុរមេធប្រកាសថា រូបភាពថ្នល់ដែលស្តួច​រៀវតាមដែលភ្នែកមើលឃើញនោះជារូបភាពបញ្ឆោត តាមសភាពពិត ថ្នល់មានទំហំស្មើគ្នារហូតរយៈផ្លូវ"​ ព្រះថេរៈងាកទៅខាងគូតស៊ូម្តងទៀត ហើយមានថេរដីកាថា "លោកសុរមេធ ! បានសេចក្តីថា ឥឡូវនេះ លោកបានទទួលស្គាល់ហើយថា ថ្នល់តាមដែលលោកអះអាងនោះមាន ២ លក្ខណៈ គឺ លក្ខណៈបញ្ឆ​បញ្ឆោតតាមដែលភ្នែកមើលឃើញ និងលក្ខណៈពិតប្រាកដតាមដែលលោកគិតស្មានដោយចិត្ត មែនទេ?" 
សំណួរចោទសួររបស់ព្រះថេរៈ ធ្វើឲ្យសុរមេធភីងភាំងស្រឡាំងកាំងភ្លាម ព្រោះបើទទួលស្គាល់ ស្មើនឹង​ទទួល​ស្គាល់ថា សេចក្តីពិតមាននិងសេចក្តីពិតនោះ អាចដឹងបានដោយការពិសោធ ដែលទើសទាស់នឹង​ទស្សនៈ​របស់​លទ្ធិ​សញ្ជ័យយ៉ាងដំណំ ប៉ុន្តែបើបដិសេធក៏ស្មើនឹងបដិសេធពាក្យសម្តីរបស់ខ្លួនឯងដែលបានអះអាង​ទៅហើយ ទាំងព្រះរេវត្តៈក៏បានប្រកាសឲ្យប្រជាជនទទួលដឹងរួចហើយ កាលបើស្ថិតនៅក្នុងស្ថានភាព​លំបាកលេបស្លាក់ខ្ជាក់ស្លែងយ៉ាងនេះ សុរមេធក៏បានតែអង្គុយធ្មឹងទ្រមឹង សម្តែងអាការរសាប់រសល់ មាន​ញើសហូរចេញមកជោកខ្លួន  ។ 
………………………………
"លោកសុរមេធ!" ព្រះថេរៈមានថេរដីកាឡើងយ៉ាងបានចង្វាក់ "បើលោកមិនឆ្លើយតបសំណួររបស់ខ្ញុំកូរណាទេ ខ្ញុំកូរណាចាត់ទុកថា លោកទទួលស្គាល់ថា រូបភាពបញ្ឆបញ្ឆោតមាន  សេចក្តីពិតក៏មាន ទាំងសេចក្តីពិតនោះជា​ធម្មជាតិដែលលោកដឹងបានយ៉ាងប្រាកដ គួរនាដូចជាកន្លែងដែលលោកដឹងបានយ៉ាងច្បាស់ថា ផ្លូវថ្នល់​មិន​មាន​ចុងរាវតូចដូចដែលភ្នែកលោកមើលឃើញនោះទេ កាលបើលោកទទួលស្គាល់ហើយយ៉ាងនេះ ក៏ស្មើនឹង​ការជំទាស់ប្រឆាំងលទ្ធិរបស់លោកដែលចាត់ទុកថា សេចក្តីពិតជាធម្មជាតិដែលមនុស្សមិនអាចដឹងបាន លោកអ្នកមានអាយុ! តើលោកមានអ្វីត្រូវនិយាយដោះសាទៀតទេ? ខ្ញុំកូរណាទុកឱកាសឲ្យលោកម្តងទៀត"
"ខ្ញុំកូរណាគ្មានអ្វីត្រូវដោះសាទៀតទេ" សុរមេធនិយាយដោយសម្លេងខ្សាវៗ "ឥឡូវនេះ ខ្ញុំកូរណាសូម​ប្រគល់​ពិន្ទុដល់​លោកម្ចាស់ "
"អរគុណច្រើន លោកសុរមេធ! មុននឹងបើកឱកាសឲ្យលោកចោទសួរខ្ញុំកូរណាវិញ ខ្ញុំកូរណាចង់អធិប្បាយ​ទស្សនៈ​របស់យើងឲ្យលោកដឹងសិន ព្រះបរមសាស្តារបស់យើងបានត្រាស់ថា សេចក្តីពិតមាន ២ យ៉ាង គឺ សម្មតិសច្ចៈ បានដល់សេ-ចក្តីពិតដែលមនុស្សលោកសន្មតហៅ និងទទួលស្គាល់គ្នាជា​ទូទៅដើម្បីងាយស្រួល​ ក្នុងការ​ទាក់ទងប្រាស្រ័យគ្នា ដូចជា​សត្វ បុគ្គល វត្ថុផ្សេង ៗ ដែលយើងប្រើប្រាស់ និងទទួលដឹងឮជាប្រចាំ​រាល់ថ្ងៃ សម្មតិសច្ចៈចាត់ជាសេចក្តីពិតស្រទាប់ក្រៅដែលអាចដឹងបានដោយភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ឧ. ដូចជាមនុស្សឃើញមនុស្សក៏ដឹងថាជាមនុស្សភ្លាមគ្មានអ្នកណាឃើញមនុស្សជាដំរីនោះទេ នៅមានសេចក្តីពិតមួយស្រទាប់ទៀត ហៅថា បរមត្ថសច្ចៈ បានដល់ សេចក្តីពិតដែលស្ថិតនៅខាងក្នុង​សេចក្តីសន្មតនោះ ចាត់ជាសេចក្តីពិតស្រទាប់ក្នុង ដែលមិនអាចដឹងបានដោយបសាទសម្ផស្សទាំង ៥ ប៉ុន្តែអាច​ដឹង​បានដោយបញ្ញានិងការសិក្សាស្រាវជ្រាវ ឧ. ដូចជា មនុស្សដែលទទួលដឹងថាមនុស្ស ទទួលស្គាល់គ្នា​ក្នុង​ស្រទាប់សម្មតិ    សច្ចៈថាជាមនុស្សនេះ បើញែកបំបែកឲ្យល្អិតល្អន់ដល់ថ្នាក់បរមត្ថសច្ចៈទៅ ពាក្យថា មនុស្ស ក៏មិនមាន   មានតែការប្រជុំផ្សំផ្គុំនៃធាតុ ៤ ឬ ៥ ដែលកើតឡើង តាំងនៅនិងរលត់ទៅតាមហេតុបច្ច័យប៉ុណ្ណោះ សូមឲ្យឈ្វេងយល់តាមចំណុចនេះផង តទៅនេះ បើលោកមានសំណួរអ្វីត្រូវចោទសួរខ្ញុំកណា សូមលោកចោទ សួរមកចុះ"
………………………………………
"បានសេចក្តីថា ព្រះពុទ្ធសាសនាទទួលស្គាល់ថា សេចក្តីពិត ២ យ៉ាង គឺ សេចក្តីពិតស្រទាប់ក្រៅ និង សេចក្តី​ពិតស្រទាប់ក្នុង"សុរមេធនិយាយឡើងបន្ទាប់ពីអង្គុយទ្រមឹងអស់ពេលជាយូរ "ទាំងសេចក្តីពិតទាំង ២ យ៉ាងនេះ មនុស្សអាចយល់ដឹងបាន" ។
"ត្រឹមត្រូវហើយ សុរមេធ ! "ព្រះថេរៈឆ្លើយតប "ខ្ញុំកូរណាសូមអធិប្បាយបន្ថែមថា បណ្តាសេចក្តីពិត ២ យ៉់ាងនេះ សេចក្តីពិតថ្នាក់បរមត្ថជាសេចក្តីពិតប្រាកដជាង ចំណែកឯសេចក្តីពិតថ្នាក់សម្មតិ ជាសេចក្តីពិតបណ្តោះអាសន្ន ជាសេចក្តីពិតដែលមនុស្សលោកនាំគ្នាសន្មតហៅក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែវាក៏ជាសេចក្តីពិតដែរ សូម្បីតែ​ខ្លួនលោកក៏ដឹងនិងទទួលស្គាល់សេចក្តីពិតនេះដែរ" ។
 "ខ្ញុំកូរណាពុំដែលទទួលស្គាល់ថា មនុស្សដឹងសេចក្តីពិតថ្នាក់ណា ៗឡើយ" សុរមេធឆ្លើយយ៉ាងដាច់ខាត "ជាពិសេស សេចក្តីពិតថ្នាក់សម្មតិដែលបសាទសម្ផស្សរាយការណ៍ឲ្យដឹង ខ្ញុំកូរណាមិនទទួលស្គាល់ជាដាច់​ខាត" ។
"បើអញ្ចឹង ខ្ញុំកូរណាត្រូវការចោទសួរលោកបន្ថែមទៀត" ព្រះថេរៈមានថេរដីកាឡើង "ខ្ញុំកូរណាត្រូវការចោទ​សួរលោកថា ថ្ងៃនេះលោកបានបរិភោគអាហារព្រឹកហើយឬនៅ? ខ្ញុំកូរណាជឿថា លោកប្រាកដជាបាន​បរិភោគអាហារមកហើយ ខ្ញុំកូរណាចង់ដឹងថា តើលោកបរិភោគភោជនាហារដូចយ៉ាងមនុស្សទូទៅឬ​បរិភោគ​ដុំឥដ្ឋដុំថ្មជំនួសបាយ?"
សុរមេធសម្លឹងមើលព្រះថេរៈយ៉ាងមិងមាំង ហើយសួរឡងវិញថា "ថីក៏លោកម្ចាស់ចោទសួរយ៉ាងនេះ? ខ្ញុំកូរ​ណាក៏បរិភោគភោជនាហារដូចយ៉ាងមនុស្សទូទៅហ្នឹងឯង តើឲ្យខ្ញុំកូរណាបរិភោគដុំឥដ្ឋដុំថ្មដូចម្តេចកើត?"
"សុរមេធ ! ហេតុអ្វីបានជាលោកមិនបរិភោគដុំឥដ្ឋដុំថ្ម?" 
"ក៏ព្រោះថាវាមិនមែនជាអាហារហ្នឹងឯង លោករេវត្តៈ ! ឲ្យខ្ញុំកូរណាបរិភោគទៅយ៉ាងម៉េចកើត" សុរមេធនិយាយ​ឡើងដោយអាការឆួលឆេវ 
"ចំណុចនេះឯងសម្តែងឲ្យឃើញថា លោកបានទទួលដឹងនិងទទួលស្គាល់សម្មតិសច្ចៈ ព្រោះលោកដឹងថា​អ្វីជា​អាហារ អ្វីមិនមែនជាអាហារ ហើយលោកក៏រើសបរិភោគចំពោះតែអ្វីដែលជាអាហារ មិនបរិភោគអ្វីដែល​មិនមែជាអាហារដូចជាដុំឥដ្ឋដុំថ្មជាដើមនោះទេ ប្រសិនបើលោកមិនដឹងថា អ្វីជាអាហារ អ្វីមិនមែនជា​អាហារ លោកអាចបរិភោគអ្វីមិនមែនជាអាហារក៏បាន ប៉ុន្តែលោកពុំដែលបរិភោគដុំឥដ្ឋដុំថ្មឡើយ ចំណុចនេះ​សម្តែង​ឲ្យឃើញថា លោកស្គាល់ថាវត្ថុនេះជាអាហារបរិភោគបាន កាលបើស្គាល់ថាអាហារជាអាហារ និងរើស​បរិភោគ​ចំពោះតែអាហារយ៉ាងនេះ លោកក៏យល់ដឹងសម្មតិសច្ចៈនិងទទួលស្គាល់សម្មតិសច្ចៈហើយ" ។ 
"លោករេវត្តៈដ៏ចម្រើន ! "សុរមេធនិយាយឡើងនៅទីបំផុត "ខ្ញុំកូរណាសូមសារភាពប្រាប់លោកតាមត្រង់ថា ខ្ញុំកូរណាបានរៀនចេះដឹងអ្វី ៗថ្មី ៗទាក់ទងនឹងពុទ្ធធម៌និងលទ្ធិរបស់លោកច្រើនណាស់ ខ្ញុំកូរណាត្រូវងាក​ មកពិចារណាមើលខ្លួនឯងនិងលទ្ធិរបស់ខ្លួនឯងយ៉ាងហ្មត់ចត់ម្តងទៀត ខ្ញុំកូរណាជាអ្នកស្រឡាញ់ចូល​ចិត្ត​ ក្នុងចំណេះដឹងទាំងស្វែងរកចំណេះដឹងគ្រប់ពេលវេលា ខ្ញុំកូរណាអាយុនៅតិច ចំណេះដឹងនិងបទ​ពិសោធ​ក្នុងជីវិតនៅតិច ទើបសូមរៀនសូធ្យពីលោកតទៅ ការតស៊ូសម្តីនៅថ្ងៃនេះ ខ្ញុំកូរណាសូមចុះចាញ់​លោក​ដោយស្រួល និងសូមប្រគល់ពិន្ទុទាំងអស់ដល់លោក ទង្វើរបស់ខ្ញុំកូរណានៅលើកនេះអាចជាការ​ ខូចបង់យ៉ាងធំធេងចំពោះគ្រូនិងគណៈរបស់ខ្ញុំកូរណា ប៉ុន្តែសម្រាប់ខ្ញុំកូរណាវិញ ខ្ញុំកូរណាបានទទួល​ប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ពីការតស៊ូសម្តីនៅគ្រានេះ" ។ 
សរុបសេចក្តីថា ការតស៊ូសម្តីនៅថ្ងៃនោះបញ្ចប់ទៅដោយអាការចម្លែក ព្រោះសុរមេធភាគីសញ្ជ័យបានសុខ​ចិត្តចុះចាញ់ព្រះរេវត្តត្ថេរដោយស្រួល ថែមទាំងសម្តែងសេចក្តីជ្រះថ្លាស្ទើរតែព្រមប្រគល់កាយថ្វាយខ្លួន​ជា​ សិស្សរបស់គូតស៊ុទៀត បង្កកំហកបំណង គំនុំរង្គំរង្គាលនិងសេចក្តីអាម៉ាសខ្មាសអៀនឲ្យកើតដល់សាស្តា សញ្ជ័យវេលដ្ឋបុត្រយ៉ាងខ្លាំង ផ្ទុយទៅនឹងពុទ្ធបរិស័ទដែលរីករាយត្រេកអរឥតឧបមាចំពោះជ័យជម្នះ​របស់ខ្លួន ម្នាក់ ៗកោតសរសើរព្រះរេវត្តត្ថេរដោយមិនដាច់ពីមាត់ ។ 


No comments:

Post a Comment